ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម និងសម្ពោធអគារ ទីស្តីការថ្មី

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០១៨របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទន្ទឹមនឹងការបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបសាងសង់រួចរាល់ផងដែរ។ អគាររដ្ឋបាលថ្មីនេះជាអគារភ្លោះមានកម្ពស់៥ជាន់នៅក្នុងបរិវេណទីស្តីការក្រសួងដែលត្រូវបានប្រសិទ្ធនាមថា «អគារផ្ការំដួល» ដែលនឹងក្លាយទៅជាមរតកដ៏ថ្លៃថ្លាសម្រាប់មន្រ្តីរាជការជំនាន់ក្រោយៗទៀត។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្តេចតេជោ បានកោតសរសើរ និងវាយតំលៃខ្ពស់ដល់អង្គសន្និបាតរបស់ក្រសួងកសិកម្មដែលបានធ្វើឡើងអស់រយៈពេល២ថ្ងៃកន្លងមកនេះ ជាពិសេសអរគុណចំពោះស្ថានប័នពាក់ព័ន្ធនិងប្រជាកសិករទាំងអស់ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការីកចម្រើន។

កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវគោនយោបាយផ្សេងៗសម្រាប់កសិករក្នុងការជំរុញវិស័យកសិកម្មឲ្យរីកចម្រើនដូចជាការដោះស្រាយបញ្ហាដីស្រែដែលធ្លាប់មានគ្រាប់មីនអាចឲ្យកសិករបានធ្វើស្រែចំការឡើងវិញបាន ការបណ្តុះបណ្តាលជំនាញកសិកម្ម ការបណ្តុះបណ្តាលក្នុងការជ្រើសរើសពូជ ការង្កើនគ្រឿងយន្តកសិកម្ម និងការបង្កើនប្រព័ន្ធធារាសាស្ត្រជាដើម។ល។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ៦ចំណុចដើម្បីចូលរួមជំរុញវិស័យកសិកម្មអោយកាន់តែរីកចម្រើន៖

១)ត្រូវបន្តលើកកម្ពុស់ការស្រាវជ្រាវផ្នែកធនធានមនុស្សលើកបច្ចេកវិទ្យាកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យ នេះឲ្យកាន់តែរីកចម្រើនថែមទៀត។

២)ជំរុញការធ្វើពិពិតកម្មកសិកម្ម ការកែច្នៃផលិតផល និងត្រូវខិតខំបន្តកែឆ្នៃផលិតផលសិកម្មបន្ថែមទៀត ដើម្បីបំពេញបន្ថែមលើតម្រូវការទីផ្សារសព្វថ្ងៃ។

៣)ជំរុញការលើកទឹកចិត្តដល់កសិករ ការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់ចំណីអាហារនៅលើទីផ្សារ និងចូលរួមរក្សាគុណភាពចំណីអាហារឲ្យមានអនាម័យល្អត្រឹមត្រូវ។

៤)ត្រូវស្រាវជ្រាវលើបទល្មើសផ្សេងៗ និងការពារព្រៃលិចទឹកកុំឲ្យមានការកាប់បំផ្លាញជាបន្តទៀត។

៥)ជំរុញការអនុវត្តនវារីវប្បកម្ម ថែរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស បង្កើនការដាំដំណាំផ្សេងៗបន្ថែមទៀត។

៦)ធានាឲ្យបានការរក្សាព្រៃឈើបង្កើនការដាំដុះព្រៃឈើឡើងវិញត្រូវចូលរួមឲ្យបានល្អទាក់ទងនឹងការទប់ស្កាត់បទល្មើសព្រៃឈើ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណដល់អង្គការ CADI ដែលបានផ្តល់ពូជស្រូវដ៏ល្អសម្រាប់ប្រទេសកម្ពុជា និងមានគុណភាពសម្រាប់ចែកបន្តដល់កសិករទាំងឡាយនាពេលខាងមុខ។
សម្តេចតេជោក៏បានអរគុណដល់ក្រសួងកសិកម្មដែលបានបង្កើតកម្មវិធីប្រឡងប្រណាំងកសិករគំរូ ដើម្បីជំរុញវិស័យកសិកម្មអោមានការលូតលាស់ និងរីកចម្រើនទៅមុខ។

មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីក្រសួងកសិកម្មដែលមានស្នាដៃល្អកន្លងមក និងផ្តល់រង្វាន់ដល់កសិករគំរូដែលបានចូលរួមប្រកួតប្រជែងឈ្នះកម្មវិធីកសិករគំរូរបស់ក្រសួងកសិកម្ម និងបានថតរូប អនុស្សាវរីយ៍ជាមួយបងប្អូនកសិករក្នុងបរិយាកាសស្និទ្ឋស្នាលក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖