ព័ត៌មានទាន់ហេតុការណ៍៖

ចប់​សវនាការ​ ,​ តុលាការ​កំពូល​បន្ត​ឃុំ​ខ្លួន​ជនត្រូវចោទ​កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ដដែល​

ចែករំលែក៖

ភ្នំពេញ​៖ មន្ត្រី​តុលាការ​កំពូល​ ថ្លែង​ថា​ បន្ទាប់​ពី​បញ្ចប់​សវនាការ​ លោក​ឃឹម​ ប៉ុណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ថ្ងៃទី​៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​តម្កល់​សាលដីកា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ បន្ត​ឃុំ​ខ្លួន​ជនត្រូវចោទ​រយៈពេល​៦ខែ​បន្ត​ទៀត​ ។
តុលាការ​ពុំ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ជនត្រូវចោទ​កឹម​ សុខា​ ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នៃ​ខេត្ត​ត្បូង​ឃ្មុំ​ មក​ចូល​រួម​សវនាការ​ទេ​ ដោយសារ​សវនាការ​នេះ​ ជា​រឿង​មុន​អង្គសេចក្តី​ ពុំ​មាន​វត្តមាន​ជនត្រូវចោទ​ ក៏​ដំណើរ​ការ​បានដែរ​ គ្មាន​ខុស​នីតិវិធី​ឡើយ​ ។
គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។
លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំហើយ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ព្រះរាជ​អាជ្ញា​៣រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​សាកសួរ​លោក កឹម សុខាដោយ​ការ​សាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់​លោក កឹម សុខា ដែរ ៕ ចេស្តា

ចែករំលែក៖