ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់សុំបែកពីគូសង្សារតែនាងមិនព្រមក៏បានសម្រេចប៉ុនប៉ងធ្វើមនុស្សឃាតដោយយកខ្សែកាតាបរឹតកនាងសន្លប់ ដឹកទៅចោលនៅគំនរសំរាមមិនស្លាប់ត្រូវចាប់ខ្លួន

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានប៉ុនប៉ងមនុស្សឃាត ដោយយកខ្សែកាតាបប្រវែងកន្លះម៉ែត្រ រិតកគូសង្សារមិនបានសម្រេច នាងបានរួចផុតជីវិតមកវិញ ។

ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតលើគូសង្សារនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចលើកំពូលភ្នំដោះក្រមុំ ស្ថិតក្នងភូមិឡៅការ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឆុំដាវីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម មុខរបរជាងកែច្នៃគ្រឿងសង្ហារឹម នៅកោះញែក ស្នាក់នៅផ្ទះបង ភូមិចំការតែ ជាសង្សានឹងគ្នារយៈពេលជិត១ឆ្នាំហើយ ជាមួយស្រ្តីរងគ្រោះឈ្មោះញ៉ារ៉ា​ ស្រីនាង អាយុ២៣ឆ្នាំ ជាជនជាតិព្នង មានទីលំនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា បន្ទាប់ពីនាងភ្ញាក់ពីសន្លប់នៅលើគំនរសំរាមហើយនោះ នាងក៏បានដើរទាំងរញីរញ័រសំដៅមកប៉ុស្តិ៍រដ្ឋបាលសុខដុមដើម្បីប្តឹងនគរបាលឱ្យជួយអន្តរាគមន៍ភ្លាមតែម្តង ។

លោក កាន់​ ពេញ​ អធិការនគរបាលក្រុងសែនមនោរម្យបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកស្នងការឡោ​ សុខា​ និងស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌលោកសូ​ សុវណ្ណកម្លាំងអធិការក្រុង និងប៉ុស្តិ៍បានចុះអនុវត្តន៍អង្កេតលើករណីនេះ ភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យផងដែរ ។

នារីរងគ្រោះបន្តថានៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៦ ឧសភា ជនសង្ស័យបានទូរស័ព្ទមកខ្លួនឲ្យទៅជួបនៅក្បែរផ្ទះនាង ។

ពេលនោះជនសង្ស័យបានជិះម៉ូតូដឹកនាងទៅផ្លូវច្រកចូលភ្នំលោកយាយ ពេលទៅដល់លើភ្នំដោះក្រមុំ ជនសង្ស័យក៏ទាមទារសុំបែកពីខ្លួន(ជនរងគ្រោះ) តែជនរងគ្រោះមិនព្រមខ្វែងគំនិតគ្នាខ្លួនបានយំរហូតអស់កម្លាំងនិងមានអការឈឺពោះក៏ដេកទៅនឹងដី តែម្តង ។

ជនរងគ្រោះខាងលើប្រាប់សមត្ថកិច្ចបន្តថា លុះដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ តែនាងថា ចាំខ្លួនបាត់ឈឺពោះសិន ។

បន្តិចក្រោយមកជនសង្ស័យជាសង្សារនះក៏បានយកខ្សែកាតាបពណ៌ខ្មៅប្រវែង៥៤សង្ទីម៉ែត្ររឹតកនាង(ជនរងគ្រោះ)ដោយផ្កាប់មុខទៅនឹងដីរហូតសន្លប់ជនសង្ស័យក៏បានដឹកជនរងគ្រោះយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាមមួយកន្លែង ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុមក្រុងសែនមនោរម្យ ។

លោកអធិការក្រុងបញ្ជាក់ថា នៅម៉ោងប្រមាណជា៥ទៀបភ្លឺថ្ងៃទី០៧ ឧសភា​ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យដែលជនរងគ្រោះបានរៀបរាប់ខាងលើនោះតែម្តង ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកខ្សែកាតាបរឹតក ជនរងគ្រោះ ពេលនាងសន្លប់ និងបន្តដឹកយកទៅចោលនៅគំនរសំរាមប្រាកដមែន ។

ជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តដើម្បីចាត់ការ តាមនីតិវិធី ច្បាប់៕ ជីវ័ន្ត


ចែករំលែក៖