ព័ត៌មានទាន់ហេតុការណ៍៖

បើកគ្រឿងចក្រឈូសឆាយដីប៉ះគ្រាប់បែកផ្ទុះរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ ខណៈបើកគ្រឿងចក្រឈូសដី(អាប៊ុល)១គ្រឿង នៅក្នុងដីឡូត៌មួយកន្លែង បានកិនចំគ្រាប់បណ្ដាលឲ្យផ្ទុះលាន់ឮឡើងយ៉ាងកក្រើកប៉ើងក្រឡាប់បះជើង ។

ហេតុការណ៍នោះបានកើតឡើងកាលពីវរលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងដីឡូត៌មួយកន្លែងដែលមានទីតាំងស្ថិតនៅខាងក្រោយវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះខាងកើនោះឈ្មោះ ហេង ហ៊ាង អាយុ២១ឆ្នាំ ជាអ្នកបើកបរគ្រឿងក្រខាងលើ ពេលនេះកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ព្រោះរងរបួសធ្ងន់ធ្ងរចំណែកអាប៊ុលបានខ្ទាតប៉ើង២ម៉ែត្រ ទើរលើរបងវត្តតែម្ដង ។

តាមប្រភពព័ត៌មានបានឲដឹងថា នៅមុនពេលកើតហេតុថៅកែរថយន្តដឹកដីនិងគ្រឿងចក្រខាងលើបានទទួលម៉ៅការដឹកដីចាក់បំពេញទីតាំងដីឡូត៌កើតហេតុនោះ ។ បន្ទាប់ពីរថយន្តដឹកដីចាក់រួចគ្រឿងចក្របានឈូសឆាយពង្រាបដីហើយ ចៃដន្យបានកិនចំគ្រាប់បណ្ដាលឲ្យផ្ទុះលាន់កក្រើកហើយគ្រងចក្របានប៉ើងខ្ទាតទើរលើរបងវត្តចំណែកយុវជនដែលជាអ្នកបើកបររងរបួសធ្ងន់បែបនេះតែម្ដង ។ ចំណែកគ្រាប់មិនទាន់ដឹងថាជាមីនតោនឬជាប្រភេទគ្រាប់អ្វីពិតប្រាកដនៅឡើយ ហើយខាងមន្ត្រីកំចាត់មីនស៊ីម៉ាក់កំពុងចុះទៅកាន់ទីនោះដើម្បីពិនិត្យមើលហើយដែរ ៕ សុខាសែនជ័យ


ចែករំលែក៖