ខេត្តកណ្ដាលៈ បុរសម្នាក់ដែលមានសតិមិនគ្រប់ត្រូវរថយន្តបុក បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះខាងលើដើរដោយពុំមានសណ្ដាប់ធ្នាប់រេពេញផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង២៥នាទីទាបភ្លឺ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២២-២៣ ស្ថិតក្នុងភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល.។
មន្ត្រីនគរបាលចរាចរណ៏ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់ពុំស្គាល់អត្តសញ្ញាណ ជាមនុស្សមានសតិមិនគ្រប់ ។ ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករថយន្តរត់គេចខ្លួនក្រោយពីមានហេតុការណ៍កើតឡើង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើងដើរតាមបណ្ដោយផ្លូវ ដោយដើររេនិងច្រង៉េងច្រង៉ាង ពុំមានសណ្ដាប់ធ្នាប់នោះទេ លុះដើរមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកដោយល្បឿនលឿន បានបុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តក្រោយពីបុករួច បានបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកកន្លែងកើតហេតុ រួចធ្វើការវាស់វែងនិងកសាងឯកសារ ស្រាវជ្រាវស្វែងរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ