ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ឋភាពនៃការបើកធនាគារដែលផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបសម្រាប់ទិញរថយន្តតម្លើងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងកាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ លើបណ្តាញសង្គមហ្វេសប៊ុកថា៖

«រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ឋភាពនៃការបើកធនាគារដែលផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបសម្រាប់ទិញរថយន្តតម្លើងនៅកម្ពុជា

ដើម្បីជួយដល់បងប្អូន និងកូនក្មួយដែលមានបំណងចង់ទិញរថយន្តតម្លើងនៅកម្ពុជាសម្រាប់ធ្វើជារថយន្តឈ្នួលដឹកកម្មករ ហើយមានការលំបាកក្នុងការខ្ចីប្រាក់ធនាគារ ឬដោយសារការប្រាក់ធនាគារឯកជនខ្ពស់ពេកមិនអាចមានលទ្ឋភាព គឺខ្ញុំបានស្នើសុំអោយធនាគារជាតិកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្សាអោយបានច្បាស់អំពីគោលនយោបាយកម្ចីថវិកាដែលមានភាពអនុគ្រោះទាបបំផុត ដែលក្រុមហ៊ុន Daehan Auto Cambodia មានបំណងចង់បង្កើតជាធនាគារមួយជួយផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបជាងធនាគារឯកជន។

តាមរយៈកម្ចីប្រាក់ដែលមានអត្រាការប្រាក់ទាបនេះ គឺនឹងជួយអោយសេវាដឹកជញ្ជូនបងប្អូនកូនក្មួយកម្មករនៅទូទាំងប្រទេសកាន់តែសុវត្ថិភាពល្អប្រសើរឡើង។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថារោងចក្រនឹងផលិតតម្លើងរថយន្តដែលមានគុណភាពនិងសុវត្ថិភាពនៅកម្ពុជា»៕

ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖