ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធខឹងទាញដុំឥដ្ឋវាយថែមចំប្រដាប់ភេទប្រកាច់សន្លប់ស្ដូក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានខឹងប្រពន្ធរំលូតកូនចោលហើយផឹកស្រាឃាត់មិនស្ដាប់ ក៏បានស្ដីបន្ទោសរហូតមានទំនាស់គ្នាមួយប្រាវបន្ទាប់មក ក៏បានលោតទម្លាក់ខ្លួនពីលើជាន់ទី១ផ្ទះជួលមួយកន្លែង ។ ប៉ុន្តែពេលលោតចុះមកមិនបានដួលនោះទេគឺឈរធម្មតា លុះបន្តិចក្រោយមកទើបដួលដេក ចំណែកប្រពន្ធពេលឃើញបែបនេះខឹងណាស់ស្មានថាប្ដីធ្វើពុត ក៏បានរត់ចុះតាមហើយបានទាញដុំឥដ្ឋវាយគូទប្ដីប៉ុន្តែប្ដីបានប្រែខ្លួនផ្វារវិញបណ្ដាលឲ្យត្រូវ១ដុំឥដ្ឋចំប្រដាប់ភេទប្រកាច់សន្លប់ឈឹងតែម្ដង ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះជាប្ដីឈ្មោះ ផាន់ ណា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រីឯនាងដែលជាប្រពន្ធឈ្មោះ ហ៊ល សុឃីម ហៅឃីម អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ធបានផឹកស៊ី ពេលនោះប្ដីបានហៅឲ្យឈប់ផឹកតែប្រពន្ធមិនព្រមឈប់ឡើយ ហើយត្រូវប្ដីរករឿងរហូតមានទំនាស់គ្នាកើតឡើង ។ ពេលនោះប្ដីខឹងខ្លាំងណាស់ម្យ៉ាងដោយកន្លងមកខឹងប្រពន្ធរំលូតកូនចោលផងនោះ ទើបបានព្យាយាមលោតសម្លាប់ខ្លួនពីជាន់ទី១ ។ ខណៈនោះអ្នកផឹកស៊ីជាមួយប្រពន្ធបាននាំគ្នាឃាត់ដែល តែឃាត់មិនឈ្នះឡើយ ។

ប្រភពខាងលើបានបន្តថា លុះពេលលោតចុះមកដល់ដីបុរសនោះមិនបានដួលដេកនោះឡើយគឺបានឈរជាធម្មតា ហើយបន្តិចក្រោយមកទើបដួល ។ ចំណែកប្រពន្ធខឹងខ្លាំងណាស់ ក៏បានរត់ចុះពីជាន់ទី១ព្រោះនាងស្មានថាប្ដីធ្វើពុតជាដួលបញ្ឈឺចិត្តនាង ក៏បានរើយកដុំឥដ្ឋទៅវាយគូទប្ដី ប៉ុន្តែចៃដន្យប្ដីបានប្រែខ្លួនដេកផ្ញារវិញទើបបណ្ដាលឲ្យដុំឥដ្ឋត្រូវចំប្រដាប់ភេទប្ដីប្រកាច់សន្លប់ស្ដូកតែម្ដង ។ ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួននាំទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ព្រោះមានប្រភពមួយទៀតបានប្រាប់នគរបាលដោយចោទប្រកាន់ស្រ្តីជាប្រពន្ធថានាងបានច្រានប្ដីទម្លាក់ពីលើផ្ទះរួចបានយកដុំឥដ្ឋទៅវាយចំប្រដាប់ភេទប្ដីថែមទៀតទើបបណ្ដាលឲ្យប្ដីសន្លប់ស្ដូកតែម្ដង ។ ប៉ុន្តែទោះជាបែបណា នគរបាលសាកសួរនាងជាប្រពន្ធ ហើយមិនដឹងច្បាស់ថា ជារឿងនោះបែបណាប្រាកដនោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖