ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិកអែកជនមួយម្តុំកន្លែងកើតហេតុ ខណៈដែលរថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនបត់មិនមើលមុខក្រោយបណ្តាលឲ្យរ៉ឺម៉កបើកលឿនបុកបណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨ ទៅលេខ១២៩ ស្ថិតនៅក្នុងភូមិដំណាក់ស្មាច់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកឧដុង្គបាននិយាយឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះយឹម ម៉ាយ អាយុ២១ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិព្រែកត្រែង ឃុំអង្គរ ស្រុកពាមជរ ខេត្តព្រៃវែង ជាអ្នកបើកបររ៉ឺម៉កសណ្តោង ។ ចំណែកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 7637 មានឈ្មោះផ្លយ អាយុ២៣ឆ្នាំ មុខរបរបើកបរថយន្តរស់នៅក្នុងភូមិស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមសម្តីរបស់មន្ត្រីនគរបាលដដែលបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូសណ្ដោងរ៉ឺម៉ក និងរថយន្តបើកស្របទិសគ្នាពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុរថយន្តខាងលើបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចលុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ខាងមុខរ៉ឺម៉កដោយខ្វះការប្រុងប្រយ័ត្នមិនបានមើលឆ្វេងមើលស្ដាំមើលក្រោយបត់យកតែម្ដងបណ្តាលឲ្យម៉ូតូសណ្ដោងរ៉ឺម៉កជាន់ហ្វាំងមិនទាន់ក៏ស្រាប់តែបុកចំពាក់កណ្តាលរថយន្តបណ្តាលឲ្យក្រឡាប់រ៉ឺម៉កសណ្តោងតែម្ដងបណ្ដាលឱ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុមានការភ្ញាក់ផ្អើលហៅនគរបាលមូលដ្ឋានចុះធ្វើការវាស់វែងដឹកអ្នករងគ្រោះទៅព្យាបាលនៅគ្លីនិកអែកជនមួយកន្លែងម្តុំកន្លែងកើតហេតុ ចំណែករថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានកម្លាំងនគរបាលអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនាសក្តិ