ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិការបង្រ្កាប ក្រុមក្មេងទំនើង និងហាងម៉ាស្សាបង្កប់សេវាបម្រើផ្លូវភេទ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្ត្រីរកស៊ីផ្លូវភេទជ្រកក្រោមស្លាកកោសជប់ -ម៉ាស្សា និងក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យនៅតាមសួន និងតាមផ្លូវសាធារណៈសរុបជាង៥០នាក់ ត្រូវបានកម្លាំងចម្រុះនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងចេញប្រតិបត្តិការធ្វើការបោសសម្អាត នាយប់ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

ប្រតិបត្តិការបង្រ្កាបក្មេងទំនើង និងស្រ្តីរកសុីផ្លូវភេទនេះ ធ្វើឡើងក្រោមការដឹកនាំ ដោយស្នងការងទទួលផែនពីររូបគឺ ឧត្ដមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ទទួលផែន ប្រឆាំងបទល្មើស និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងចម្រុះចំនួន ៣ក្រុម គឺក្រុមអន្តរាគមន៍បង្ការបង្ក្រាប ក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស និងក្រុមអន្តរាគមន៍ពិសេស បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្ចតបាត់ដំបង។

កម្លាំងចម្រុះទិសដៅទី១ ប្រមូលបានស្ត្រីនៅតាមផ្ទះម៉ាស្សាកោសជប់ ដែលមានបង្កប់សេវាកម្មផ្លូវភេទ ក្នុងក្រុងបាត់ដំបង ជាច្រើនកន្លែង ព្រមទាំងបានឃាត់ខ្លួនមនុស្ស បានចំនួន ៣៤នាក់ ក្នុងនោះប្រុស ៤នាក់ និងភេទទី៣បានចំនួនម្នាក់។

កម្លាំងចម្រុះទិសដៅទី២ គឺប្រមូលក្រុមក្មេងទំនើងនៅតាមសួនសាធារណៈ ដោយបានឃាត់ខ្លួនមនុស្សចំនួន ២៤នាក់ ក្នុងនោះប្រុស ១៥នាក់ និងភេទទី៣ចំនួន ៥នាក់ បើសរុបទាំងពីរទិសដៅបានចំនួន ៥៨នាក់ ក្នុងនោះប្រុស ១៩នាក់ និងភេទទី៣បានចំនួន ៦នាក់។

លោក កុយ ហៀង ស្នងការរងបានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង ៥៨នាក់នេះគឺមាននារី ចំនួន ៣៣នាក់ ដែលត្រូវបានបែងចែកជា ២ប្រភេទ ក្នុងនោះគឺ ១- ស្ត្រីរកស៊ីផ្លូវភេទជាលក្ខណៈ កោសជប់ និងម៉ាស្សា ចំនួន ២៤នាក់ និងទី២- ស្ត្រីរកស៊ីផ្លូវភេទតាមសួនសាធារណៈ មានចំនួន ៩នាក់។

ក្រោយការឃាត់ខ្លួន ក្នុងចំណោមពួកគេទាំងអស់នេះ គឺត្រូវបញ្ជូនខ្លួនមេការចំនួន៤នាក់ ទៅកាន់តុលាការ។ ចំណែកស្រ្តីរកស៊ីផ្លូវភេទធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា តម្រូវឲ្យបើកចំហកន្លែងម៉ាស្សា ដោយមិនមានការបិទបាំងលួចបង្កប់បម្រើសេវាផ្លូវភេទទៀតឡើយ៕ សំ វិច្ឆិកា


ចែករំលែក៖