ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នានៅចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តនឹងម៉ូតូបុកគ្នានៅចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅខាងត្បូងផ្សារ៧មករា តាមបណ្តោយផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៦១៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P-8709 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៨៧ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបើកឆ្លងកាត់ផ្លូវលេខ៦១៤ បានពាក់កណ្តាលផ្លូវស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាភីស៉ីអិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CP-2519 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២៨៧ ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនយ៉ាងលឿន នក៏ជ្រុលទៅបុករថយន្តចំកង់ខាងមុខពេញទំហឹងបណ្តាលឲ្យរថយន្តកំពិតបន្តិចបន្តួច បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកហុងហាក់ចំណែកឯម៉ូតូរងការខូចខាតបែកចង្កៀងខាងមុខ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖