ខេត្តកណ្ដាល៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ បាននាំគ្នាទិញស្រាផឹកនៅចំការសណ្ដែកគួរមួយកន្លែងដោយមិនប្រយ័ត្នបានដើរទៅទាក់នឹងខ្សែរលួសរាយឆក់កណ្ដុរ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ចាន់ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖ អាគុយម៉ាកJP កម្លាំង៧០អំពែចំនួន ០១គ្រឿង ,ដុំឆក់ចំនួន០១គ្រឿង ,ដង្គៀបចាប់អាគុយចំនួន០២ និងខ្សែលួសប្រវែង៣២៧ម៉ែត្រ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី ជនរងគ្រោះនិងបក្ខពួកបាននាំគ្នាទិសស្រាយកមកផឹកនៅចំណុចខ្នងព្រែកចំក្បាលដីរបស់ឈ្មោះ ប៉ិច ដាវុធ ចុងព្រែកទាហ៊ានសៅ ដែលម្ចាស់ចំការបានរាយខ្សែរលួសឆក់កណ្តុរ ដើម្បីការពារកុំឲ្យកណ្ដុរចូលស៊ីដំណាំ ។ លុះដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរទៅក្នុងរោងចាំចំការ ក៏បានទាក់នឹងខ្សែរលួសដែលមានចរន្ដអគ្គិសនី បណ្ដាលឲ្យឆក់ចំទ្រូងឆ្វេងដួលផ្កាប់មុខទៅលើដីស្លាប់ភ្លាមៗតែម្តង ក៏បានបង្កឲ្យមានការផ្អើលឆោឡោរដល់មិត្ដភក្ដិនិងប្រជាពលរដ្ឋជិតខាង រួចរាយការណ៍ជូនសមត្ថកិច្ចជំនាញស្រុក មកធ្វើការពិនិត្យនិងកោសល្យវិច្ច័យ និងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារទាក់ខ្សែរលួចឆក់កណ្ដុរប្រាកដមែន ។
ក្រោយពីពិនិត្យ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ