ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង១០០គ្រួសារចោទប្រធានផ្សារបាវិតសង់ផ្ទះល្វែងចូលចំណីផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះ ប្រធានផ្សារអន្តរជាតិបាវិតរួមទាំងអាជ្ញាធរ និងមន្ត្រីជំនាញ ដែលអនុញ្ញាតឲ្យប្រធាន ផ្សាររូបនោះសាងសង់ផ្ទះល្វែងចូលចំណី ផ្លូវសាធារណៈរបស់រដ្ឋពង្រាយសម្ភារ សំណង់ចង្អៀតផ្លូវបង្កការពិបាកដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ពិសេសរំលោភលើទ្រព្យសម្បត្តិរដ្ឋថែមទៀត ។

ប្រជាពលរដ្ឋរស់នៅភូមិបាវិតកណ្តាល បានថ្លែងប្រាប់ថា ពួកគាត់ទាំងអស់គ្នា ប្រមាណជាង១០០គ្រួសារបានផ្តិតមេដៃ ប្តឹងមេផ្សារអន្តរជាតិបាវិតដែលបានរំលោភ យកដីចំណីផ្លូវរបស់រដ្ឋមកសាងសង់ផ្ទះល្វែងយ៉ាងរំភើយ តាំងតែពីខែមេសា ឆ្នាំ ២០១៨ មកម្លេ៉ះ ។

ប្រជាពលរដ្ឋបាននិយាយថា មេផ្សារ អន្តរជាតិបាវិតនេះពិតជាមានអំណាចខ្លាំងណាស់ដែលហ៊ានសាងសង់ផ្ទះរំលោភចំណីផ្លូវរដ្ឋផ្លូវកាន់តែតូចចង្អៀតធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាចបង្កឲ្យមានគ្រោះចរាចរណ៍ផងដែរ។ កាលពីពេលកន្លងទៅប្រជាពលរដ្ឋក៏ធ្លាប់ប្តឹងទៅអាជ្ញាធរម្ដងហើយ ហើយអាជ្ញាធរបានចុះមកណែនាំដល់ម្ចាស់ផ្សារនេះហើយដែរក៏ផ្អាកការសាសង់បណ្តោះអាសន្ន ប៉ុន្តែ ទុកសម្ភារសំណង់កាកសំណល់គ្រឿង សំណង់ដាក់លើផ្លូវសាធារណៈនាំឲ្យពិបាក ដល់ការធ្វើដំណើរ ។

ពលរដ្ឋរស់នៅភូមិបាវិតកណ្តាលបានសំណូមពរដល់អាជ្ញាធរដែនដីជួយអន្តរា គមន៍ និងមានចំណាត់ការចំពោះការសាងសង់រំលោភផ្លូវសាធារណៈរបស់រដ្ឋពី សំណាក់មេផ្សារអន្តរជាតិបាវិតនេះផង ដើម្បីដុះក្អែលមន្ត្រីពុករលួយថ្នាក់ក្រោម ដែលហ៊ានអនុញ្ញាតឲ្យមេផ្សារអន្តជាតិបាវិតសាសង់បំពានយ៉ាងនេះ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក គង់ ចំរើន ដែលជាអ្នកមើលការខុសត្រូវ ផ្សារអន្តរជាតិបាវិតបានប្រាប់ថា បញ្ហាដែល ប្រជាពលរដ្ឋចោទខាងផ្សាររបស់លោកធ្វើចូលចំណីផ្លូវរបស់រដ្ឋឥឡូវនេះលោកកំពុងធ្វើការជាមួយសុរិយោដីហើយ ព្រោះការធ្វើនេះមានប្លង់ត្រឹមត្រូវដោយសារមួយរយៈពេលនេះសម្តេចតេជោ ហ៊ុន សែន បាន អញ្ជើញមកបាវិត ដូច្នេះមន្ត្រីរាជការកំពុងជាប់រវល់ហើយកំពុងតែធ្វើការងារនេះជា មួយសុរិយោដីហើយ។ លោក គង់ ចំរើន បញ្ជាក់ថា ការសាងសង់ផ្ទះល្វែងនេះហៀរ ចេញសំយាបមួយម៉ែត្រមែន តែមន្ត្រីសុរិយោដីគេរវល់ទើបមិនទាន់ដោះស្រាយ ។

ចំណែកលោក សាញ់ សុខុន ចៅសង្កាត់ បាវិត បានឲ្យដឹងថា ចំពោះបញ្ហាសាងសង់រំលោភផ្លូវសាធារណៈ ពីក្រុមហ៊ុនផ្សារអន្តរជាតិបាវិតនេះ គឺខាងអាជ្ញាធរធ្លាប់បានចុះទៅណែនាំនិងហៅក្រុមជាងសំណង់ទៅសាលាក្រុងដើម្បីសាកសួរដែរតែលទ្ធផលយ៉ាងណានោះមិនទាន់ដឹងទេ គឺខាងក្រុង និងមន្ត្រីជំនាញរបស់គេទើបដឹងរឿងនេះ។

ចំណែកលោក សេង សីលា អភិបាល ក្រុងបាវិតមិនអាចទំនាក់ទំនងបានទេនៅ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ៕ ហេង សូរិយា


ចែករំលែក៖