ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របី និងស្រែកហៅអ្នកភូមិ និងសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ខណៈដែលប្រទះឃើញបុរសម្នាក់ដែលជាមន្ត្រីយោធាសង្ស័យមានវិបត្តិផ្លូវចិត្តចងកសម្លាប់ខ្លួនក្រោមដើមប្រេងខ្យល់ និងខ្សែចងគោកាលពី ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា បុរសដែលសង្ស័យគិតខ្លីចងកសម្លាប់ខ្លួនមានឈ្មោះ ឈា ភារក្ស័ អាយុ២៦ឆ្នំា មុខរបរជាមន្ត្រីយោធា ខេត្តស្វាយរៀង រស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺជាមនុស្សស្លូតបូតចេះដឹងខុសត្រូវស្គាល់ចាស់ ស្គាល់ទុំ អ្នកភូមិស្រឡាញ់រាប់អានគ្រប់ៗគ្នា ។
ប្រភពបន្តថា ប៉ុន្តែរយះពេលប៉ុន្មានថ្ងៃនេះ បុរសខាងលើចេះតែត្អូញត្អែរពិបាកចិត្ត ក្នុងក្រុមគ្រួសារមិនដឹងមានរឿងអ្វីសោះទេ ខណៈចេះតែអង្គុយស្រងូតស្រងាត់តែម្នាក់ឯង ស្រាប់តែនៅវេលាកើតហេតុ ក៏មានការភ្ញាក់ផ្អើលទាំងព្រឹកថា ចងកស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចនគរបាលមូលដ្ឋាន ស្រុកនគរបាលជំនាញខេត្ត និងគ្រូពេទ្យបានមកពិនិត្យសាកសពភ្លាមៗខ្លាចក្រែងជាអំពើឃាដកម្ម ក្រោយពីពិនិត្យជាច្រើនម៉ោង សមត្ថកិច្ចក៏បានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យ ដោយមិនមានស្លាកស្នាមឃាតកម្មនោះទេ ពិតជាចងកប្រាកដមែន ៕ យឹម សុថាន