ព័ត៌មានទាន់ហេតុការណ៍៖

កាត់តខ្សែភ្លើងមិនបិទបារ៉ែតភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗមិនអាចសង្គ្រោះជីវិត ខណៈដែលមានការធ្វេសប្រហេសដោយសារតែកាត់តខ្សែភ្លើងមិនបានបិទបារ៉ែតបណ្ដាលឲ្យឆក់បង្កការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារ ក៏ដូចជាអ្នកភូមិកាលពីថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០ នាទីរសៀល ស្ថិតនៅភូមិកំពោតប្រ៉ស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា យុវជនដែលសង្ស័យស្លាប់ដោយឆក់ខ្សែភ្លើងមានឈ្មោះ ហង់ ឡាក់គី អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិកំពោតប្រ៉ស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

បើតាមអ្នកភូមិបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុគឺឃើញយុវជនខាងលើបានតខ្សែភ្លើងដែលធ្លាក់ដាច់តែម្នាក់ឯង នៅពីមុខផ្ទះប្រមាណជា២០នាទីស្រាប់តែមានការស្រែកផ្អើលពីសំណាក់ឪពុកម្ដាយថាជួយកូនប្រុសគាត់ផងត្រូវខ្សែភ្លើងឆក់ ហើយទើបអ្នកភូមិនាំគ្នាមកជួយសង្គ្រោះធ្វើចលនាដៃជើងដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញបានមកដល់ និងត្រួតពិនិត្យកន្លែងកើតហេតុឃើញថា យុវជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយតខ្សែខ្វះការប្រុងប្រយត្ន័ មិនបានបិទបារ៉ែតភ្លើង ទើបជួបរឿងអកុសលបែបនេះ។

បច្ចុបប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលជាទីបំផុត ៕ យឹម សុថាន


ចែករំលែក៖