ភ្នំពេញ៖ ដើមក្ងោក មួយដើមត្រូវបានបាក់រលើងទាំងឬស សង្កត់លើម៉ូតូចំនួន ៣គ្រឿង សំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសនឹងស្លាប់នោះទេ។
ហេតុការណ៍ខ្យល់បក់បាក់ដើមក្ងោកនេះ បង្ករកាភ្ញាក់ផ្អើលកាលពីម៉ោងជាង ៤រសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ចំណុចក្បែរសួនច្បារ ក្តាន់ពីរ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមគោលដៅបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ មានភ្លៀងធ្លាក់មួយមេ រួមនិង ខ្យល់បោកបក់យ៉ាងខ្លាំង ដែលបង្កឲ្យខ្យល់បក់តោង ដើមក្ងោក រលើងទាំងឫស បាក់រាបដល់ដី និង សង្កាត់ម៉ូតូចំនួន៣ គ្រឿង បណ្ដាលឲ្យខូចខាត់តិចតួច ចំណែកម្ចាស់ម៉ូតូបានលើកជិះចេញទៅបាត់ និង ដាច់ខ្សែភ្លើងមួយខ្សែធ្លាក់ដល់ដី។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានការណីបាក់ដើមក្ងោក នៅចំណុចក្បែរសួនកំសាន្តក្តាន់ពីរ រួចមក និង ដែលបាក់សង្កត់ទៅលើម៉ូតូ ៣គ្រឿង និង ទាក់ដាច់ខ្សែភ្លើងមួយខ្សែធ្លាក់ដល់ដី លោកបានចុះមកដល់ចំណុចកើតហេតុភ្លាមៗ និង បានបញ្ជាដល់កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ កាត់ជាកំណាត់ៗ និង ដឹកយកចេញជាបន្ទាន់ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។
ជាចុងក្រោយក៏សូមផ្ញើសារសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ នៅពេលភ្លៀងធ្លាក់ព្រោះថា ប្រលិនបើយើងជ្រក់ភ្លៀងក្រោមដើមឈើគឺអាច មានគ្រោះថ្នាក់គ្រប់ពេលវេលា ព្រោះមានខ្យល់បោកបក់ខ្លាំងៗ ដែលអាចបំបាក់ដើមឈើសង្កត់លើយើងបានជាយថាហេតុ ៕ ជ្រោយពេជ្រ