ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌមានជ័យ បានទទួលស្រ្តីសង្ស័យម្នាក់ជាអតតីអ្នកទទួលភ្ញៀវខុនដូ យីហោលំនៅដ្ឋានសុភមង្គល ក្រោយនារីរូបនេះបានធ្វើសកម្មភាពលួចយកលុយថ្លៃជួលបន្ទប់ខុនដូជិត១ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ជាងកន្លះឆ្នាំក្រោយមកទើបឃាត់ខ្លួនបាន ។
យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ចាន់ លីលក្ខិណា អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអតតីអ្នកទទួលភ្ញៀវខុនដូ យីហោលំនៅដ្ឋានសុភមង្គល ដែលមានទីលំនៅផ្ទះជួល ផ្លូវលេខ១៣BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មន្រ្តីដដែរបានបន្តទៀតថា ក្នុងករណីឃាត់ខ្លួនស្រ្តីខាងលើនេះ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ លឹម ចាន់ដារ៉ានី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ០៨ ផ្លូវលេខ២០ សង្កាតបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (ជាតំណាងឲ្យម្ចាស់ខុនដូយីហោលំនៅដ្ឋានសុភមង្គល) ប្តឹងពីបទរំលោភលើទំនុកចិត្ត (យកលុយថ្លៃជួលបន្ទប់ខុនដូរចំនួន៩៥៨០ដុល្លារ) កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខុនដូរយីហោលំនៅដ្ឋានសុភមង្គលផ្ទះលេខ៩០ ផ្លូវលេខ១៩BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា