ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោភុល ភស្តាអធិការ នគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា៖ នៅវេលាម៉ោង០០:៣០នាទី ឈានចូលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងល្បាតយប់ របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបស្រីទំនើង២ក្រុម ដែលមានគ្នាចំនួន៩នាក់ បានបង្កហិង្សាវាយតប់គ្នា តាមទីសាធារណៈ ដេីម្បីយកមកអប់រំធ្វេីកិច្ចសន្យា ឲ្យអ្នកអាណាព្យាបាល មកធានាយកទៅ អប់រំបន្ត។
លោកអធិការនគរបាលក្រុងបានបញ្ជាក់ថា៖ ស្រីទំនេីងទាំងពីរក្រុមនេះ មួយក្រុមមានគ្នា៣នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានប្រេីប្រាស់ហ្វេសប៊ុកឆាត ណាត់ជួប បេីកឆាកប្រយុទ្ធគ្នា ដោយមូលហេតុ ដណ្ដើមប្រុសគ្នា។ ពួកគេបានណាត់ជួបវាយតប់គ្នាពីរលេីក នៅយប់ថ្ងៃទី២៣ ជួបវាយគ្នាមួយលេីកនៅឆ្នេរអូរឈើទាល លុះដល់យប់មិញនេះ បានណាត់វាយគ្នាមួយលេីកទៀត នៅរង្វង់មូលត្រីផ្ទោង មុខសាលាអនុវិទ្យាល័យសម្តេចឪ ហើយត្រូវកម្លាំងល្បាតស្ទាក់ចាប់បានបានតែម្តង។
លោកភុល ភស្តាអធិការក្រុង បានបញ្ជាក់បន្ថែមថា៖ ស្រីទាំង២ក្រុម នេះ សមត្ថកិច្ចបានឃាត់ខ្លួនយកមកអប់រំ នៅអធិការដ្ឋាននគរបាលក្រុង ធ្វើការអប់រំ ឲ្យធ្វេីពលកម្ម ព្រមទាំងឲ្យអ្នកអាណាព្យាបាលមកធានា យកទៅអប់រំបន្ត។
ក្នុងឱកាសនេះផងដែរ លោកអធិការ បានសំនូមពរសូមអាណាព្យាបាលទាំងឡាយចូលរួមជាមួយសមត្ថកិច្ច អប់រំកូនចៅឲ្យចៀសវាង អំពីបញ្ហាគ្រឿងញៀន និងគ្រឿងអបាយមុខផ្សេងៗទាំងឡាយ ដេីម្បី រួមចំណែក អភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារឲ្យ មានការរីកចម្រើន ៕ ឆ្លាម សមុទ្រ