ភ្នំពេញ៖ ដោយការធ្វេរប្រហែស បានធ្វើឲ្យបុរស២នាក់បងប្អូនបង្កើតនឹងគ្នា បានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ខណៈដែលពួកគេបានជិះម៉ូតូមួយគ្រឿងចេញមកពីផឹកស៊ីមួយកន្លែង ហើយបានឈប់ម៉ូតូទិញបារីសម្រាប់ជក់នៅម្តុំផ្លូវទំនប់៧០ ដោយភ្លេចដកសោម៉ូតូ ក៏ត្រូវជនឆ្លៀតឱកាសលួចយកម៉ូតូបានសម្រេចជិះគេចខ្លួនបាត់តែម្តង ។
ករណីបន្លំលួចខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវទំនប់៧០កែងផ្លូវរ៉ារថភ្លើង នៅចំណុចមុខតូបលក់ចាប់ហួយមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបុរសជាម្ចាស់ម៉ូតូឈ្មោះចាម វិបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខបរជាងភ្លើង ស្នាក់នៅការដ្ឋានសំណង់ម្តុំបឹងកក់ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា មុនពេលកើតហេតុគាត់និងប្អូនប្រុសបង្កើតរបស់គាត់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ តាកែវ ១M-៦៩១៧ ទើបតែនាំគ្នាចេញមកពីផឹកស៊ីនៅម្តុំផ្សារទួលសង្កែ ក្នុងគោលបំណងត្រឡប់ទៅដេកនៅកន្លែងធ្វើការម្តុំបឹងកក់ ខណ្ឌទួលគោក ។
ប្រភពដដែរបន្តទៀតថា ពួកគេបានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ ក្នុងទិសដៅពីកើតទៅលិច ខណៈពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ពួកគេឈប់ម៉ូតូនៅកន្លែងលក់ចាប់ហួយមួយកន្លែងក្បែរនឹងផ្លូវរ៉ារថភ្លើង ដោយទុកឲ្យប្អូននៅចាំម៉ូតូ ហើយគាត់បានដើរចូលទៅទិញបារីចំនួន១០០០រៀល ប៉ុន្តែគាត់ភ្លេចដកសោម៉ូតូនៅជាប់ម៉ូតូនោះ ចំណែកប្អូនប្រុសមិនបាននៅចាំម៉ូតូនោះទេ ដោយបានដើរតាមក្រោយគាត់ផងដែរ ភ្លាមៗនោះក៏មានជនឆ្លៀតឱកាស បានឡើងលើម៉ូតូរួចបញ្ឆះជិះគេចខ្លួនតែម្តង ។ ភ្លាមនោះជនរងគ្រោះជាប្អូនប្រុសបានរត់ដេញតាមពីក្រោយជនសង្ស័យនឹងឆោឡោថាស្រែកចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ប៉ុន្តែត្រូវជនសង្ស័យជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះ២នាក់បងប្អូនត្រូវបានសមត្ថកិច្ចជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវិធី ៕ ស តារា