ភ្នំពេញ៖ បុរសម្នាក់ បើករខ្វះការប្រុងប្រយ័ត្ន បានជាន់ហ្គែរថយន្តច្រលំហ្វ្រាំង ក៏ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងទាំងកំរោល បណ្ដាលឲ្យរថយន្តបែកធុងទឹក រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានមនុស្សរងរបួស ។
ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្វះការប្រុងប្រយ័ត្នខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣១០ សង្កាត់ទួលដ្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រថយន្តម៉ាកតូយូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1686 បើកបរដោយបុរសម្នាក់ ដែលមិនបញ្ជាក់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើបានចតទុកចោលនៅលើចិញ្ចឹមផ្លូវ ក្បែរបង្គោលភ្លើងខាងលើ ពេលនោះក៏មានបុរសម្នាក់ដែលជាម្ចាស់ មកបើករថយន្តក្នុងគោលបំណងធ្វើដំណើរចេញទៅក្រៅ ភ្លាមនោះមិនដឹងមូលហេតុអ្វីរថយន្តរបស់គាត់បាន ជ្រុលចង្កូតទៅមុខបុកនឹងបង្គោលភ្លើងតែម្តង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសទេ គ្រាន់តែរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ តែមិនបានវាស់វែងទេ រង់ចាំនគរបាលជំនាញ និងបុគ្គលិកអគ្គិសនីជាតិមកត្រួតពិនិត្យ និងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងតែម្តង ព្រោះបង្កោលភ្លើងមិនមានអ្វីខូចខាតខ្លាំងនោះទេ ៕ ស រស្មី