ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរជួយប្តូរទីតាំងកុងសុីកាប់គោជ្រោយចង្វា​ក្រោយពីជះក្លិនស្អុយដល់ពួកគាត់ពិបាករស់នៅ​

ចែករំលែក៖

ភ្នំពេញ ៖ ​ទីតាំង ស្តុប​និង​ចិញ្ចឹមគោក្របី សេះ ​សម្រាប់​កាប់​ យកសាច់លក់ជាច្រើនទីតាំងនៅក្នុង​ភូមិ​ដើមគ សង្កាត់ជ្រោយចង្វា ​ខណ្ឌ​ជ្រោយ​ចង្វា ​ជាពិសេសកុងសុីកាប់គោរបស់លោក ហ៊យហៀង ត្រូវបានប្រជាព​លរដ្ឋជាច្រើនគ្រួសារលើកឡើងថាបានជះក្លិនស្អុយអសោចប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ​ បាន​អោយ​ដឹងថា ​ទីតាំង​ស្តុប​គោ ​សត្វគោ ក្របីសេះ​សម្រាប់​កាប់យកសាច់លក់​ មាន​ជាច្រើន​កន្លែង​ជាពិសេសកុងសុីកាប់គោរបស់លោក ហ៊យ ហៀង នៅ​ក្នុង​ភូមិ​ដើមគសង្កាត់ជ្រោយចង្វា ជាប់នឹងតំបន់អភិវឌ្ឍទីក្រុងរណបជ្រោយចង្វា កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ​ធុំក្លិយស្អុយ ​អសោច និង​បង្កជា​ជំងឺឆ្លង​ដល់មនុស្ស ​សត្វ​ ​និងការរស់ នៅ​របស់អ្នកភូមិជាខ្លាំង ​។ដោយ​សារ​តែប៉ះ​ពាល់ដ​ល់​បរិស្ថានយ៉ាងធ្ងន់ធ្ងរបែបនេះ ​ប្រជាពល​រដ្ឋជាច្រើន​គ្រួសា​រ រស់នៅជុំវិញតំបន់នោះបាន​នាំគ្នាធ្វើការអង្វរយ៉ាងទទូចដើម្បី​អោយ​មន្រ្តី​ជំនាញ ​ក៏ដូច​ជាអាជ្ញា​ធរខណ្ឌ អាជ្ញាធររាជធានីភ្នំពេញដើម្បីចុះ​ត្រួតពិនិត្យ និងមានវិធានការណ៍​​ ដោយពួកគាត់សំណូមពរដល់ម្ចាស់ទីតាំងកាប់គោលោកហ៊យហៀងប្តូរទីតាំងទៅកន្លែងផ្សេងឲ្យឆ្ងាយពីភូមិឋានពួកគាត់រស់នៅ ។

ប្រជាពលរដ្ឋ​បានអះអាងទៀតថា​​អាជីវកម្ម​ ​ចិញ្ចឹម ​ស្តុកសត្វគោក្របីទាំងអស់​នេះ គឺពុំមាន​ច្បាប់​អនុញ្ញាតិឡើយ​​ ហើយទីតាំ​ងចិញ្ចឹម​គោនោះ​ ពុំ​មាន​លក្ខណៈ​បចេ្ចក​ទេសនិងអនាម័យគ្រប់គ្រាន់ទេ ដែលកំពុង​តែប៉ះពា​ល់ យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ​និង​មាន​ជំងឺ​ងាប់​ រាលដាល​ទៅ​សត្វ​ផ្សេង​ៗទៀត។

ពួកគាត់បន្តថា សត្វគោ ក្របី សេះដែលគេចិញ្ចឹមស្តុកទុកចូលកាប់ក្នុងកុងសុីលោកហ៊យ ហៀង នោះ ពេលថ្ងៃគេលែងឲ្យចេញរកសុីប្រសេកប្រសាចពេញផ្លូវពេញសួនច្បារក្នុងខណ្ឌជ្រោយចង្វា បង្កជាគ្រោះថ្នាក់ចរាចររថយន្តម៉ូតូបុកស្ទើរាល់ថ្ងៃធ្វើឲ្យមានមនុស្សរបួសធ្ងន់ធ្ងរជាញឹកញាប់ ហើយរាល់គ្រោះថ្នាក់ចរាចរម្តងៗលោកហ៊យ ហៀង មិនដែលចេញមុខមកទទួលខុសត្រូវឡើយ ។ ប្រការនេះអាជ្ញាធរក៏ធ្លាប់បានណែនាំដល់ម្ចាស់កុងសុីកាប់គោនោះដែរតែដូចជាគ្មានប្រសិទ្ធិភាពសោះ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាទីតាំងចិញ្ចមនិងស្តុកសត្វគោក្របីនៅភូមិដើមគមួយចំនួនមិនបានចូលកាប់នៅក្នុងកុងសុីទេគឺគេកាប់នៅក្រៅកុងសុី តែគេនៅតែបង់លុយឲ្យទៅ
លោកហ៊យ ហៀង ជាម្ចាស់កុងសុីដដែល។

ការដែលលោកហ៊យ ហៀង អនុញ្ញាតឲ្យមានការកាប់គោក្របីក្រៅទីសតឃាតយ៉ាងអានាធិបតេយ្យនេះហើយ គឺបង្កឲ្យមានផលអវិជ្ជមានគ្រប់បែបយ៉ាង ។

លោក ឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វា ធ្លាប់បានបញ្ជាក់ខណៈចុះទៅដោះស្រាយវិវាតនៅក្នុងកុងសុីនោះកាលពីចុងឆ្នាំ២០១៥ថា ក្រោយពីដោះស្រាយបញ្ហាទាំង១០ចំណុចជូនក្រុមអាជីវកររួចរាល់ហើយនោះលោកបានផ្ដល់ឱកាសឲ្យម្ចាស់ទីតាំងកុងស៊ីកាប់គោខាងលើក៏ដូចជាបងប្អូនក្រុមជីវករបន្តប្រកបរបរនេះត្រឹមរយះពេល១ឆ្នាំប៉ុណ្ណោះដោយរាប់គិតពីថ្ងៃទី០១ខែតុលាឆ្នាំ២០១៥ដល់ថ្ងៃទី០១ខែតុលាឆ្នាំ២០១៦ ។

លោក បន្តថាក្នុងនាមអាជ្ញាធរខណ្ឌមិនអនុញ្ញាត្តិឲ្យទីតាំងកុងស៊ីកាប់គោដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះដំណើរការទៀតឡើយនៅក្នុងទីក្រុង ព្រោះកុងស៊ីកាប់គោបច្ចុប្បន្នមានទីធ្លាតូចចង្អៀតនិងជះក្លិនស្អុយប៉ះពាល់ផ្នែកបរិស្ថានជុំវិញនោះ យ៉ាងខ្លាំងពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតែម្ដង ។ ផ្ទុយទៅវិញ ប្រសិនបើទីតាំងកុងស៊ីកាប់គោមានទីធ្លាធំទូលាយចាប់ពី ២ហិកតាឡើងទៅនិងនៅកន្លែងដាច់ស្រយាលឆ្ងាយពីទីក្រុងលោកអភិបាលនិងស្នើរទៅមន្ទីរកសិកម្មរាជធានីភ្នំពេញដើម្បីឲ្យបងប្អូនក្រុមអាជីវករបន្តអាជីវកម្មតទៅទៀតបាន។

ជាមួយគ្នានោះលោក ឃ្លាំងហួត ក៏បានសង្កត់ ធ្ងន់ទៅលើអនាម័យ បរិស្ថាននិងសន្តិសុខ នៅក្នុងកុងសុី រួមទាំងទឹកស្អាតផង តម្រូវឲ្យ លោកហ៊យ ហៀង រៀបចំឡើងវិញឲ្យល្អមិនត្រូវរស់នៅបែបគ្មានអនាម័យដូច្នេះទេព្រោះវាមានក្លិនស្អុយណាស់ងាយនឹងចំលងមេរោគផ្សេងយ៉ាងខ្លាំង ប៉ុន្តែមកដល់ពេលនេះមានរយៈពេល២ឆ្នាំហើយម្ចាស់កុងសុីមិនបានអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌឡើយ គឺបន្តអាជីវកម្មរបស់ខ្លួនយ៉ាងព្រងើយមិនក្រែងរអែងនឹងអាជ្ញាធរនោះទេ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖