ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ដល់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកភូមិចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងរថយន្តកុងតឺន័របែកកង់ ឈប់ចតលើផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿង បុកគ្នាយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៣៤ និង១៣៥ ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ច នគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយកុងតឺន័រ ក្រុងហ៊ុន OLAIR ពណ៌បៃតង ស្លាកលេខ ភ្នំពេញ 3A-4491 បើកបរដោយឈ្មោះ ហ៊ឹម ចាន់ម្លោ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបរ ជនជាតិខ្មែរ រស់នៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល ដោយធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ វៀតណាម 51C 490.89 ដែលឈប់នៅចិញ្ចើមផ្លូវខាងត្បូង (បែកកង់) បើកបរដោយឈ្មោះ វៀង សុនដូរ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបរ រស់នៅប្រទេសវៀតណាម គ្មានរងរបួសស្នាម។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៏ភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ និងវាស់វែងព្រមទាំងអូសយករថយន្តទាំង២គ្រឿង យកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មូលហេតុ ដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារតែជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ យឹម សុថាន