ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ត្រូវបានបុរសជាប្តីផឹកស្រាស្រវឹងរករឿងទាញពូថៅកាប់បណ្ដាលឲ្យរងរបួសធ្ងន់ ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធកើតឡើងនៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១និង១០នាទី នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ស្រី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរកសិករ នៅភូមិចេក ឃុំកំពង់ចិន ជើង ស្រុកស្ទោង ខេត្ត កំពង់ធំ រីឯជនសង្ស័យត្រូវជាប្តីមានឈ្មោះ រួន រ អាយុ ៤០ឆ្នាំ មុខរបរកសិករ នៅភូមិ/ឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅយប់ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប្តីខ្លួនបានមកពីផឹកស៊ី មានសភាពស្រវឹង ហើយបានរករឿងឈ្លោះគ្នាជាមួយប្រពន្ធ ទើបបណ្តាលឲ្យកើតជាអំពើហិង្សា ហើយបានយកពូថៅកាប់មកលើខ្លួនមួយកន្លែងចំក្បាល ផ្នែកខាង ក្រោយ បណ្តាលឲ្យមាន របួសមួយកន្លែង ប្រវែង ៣ ស,ម ដោយមានឈាមហូរខ្លាំងពេក ក៏ទៅសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកស្រុកស្ទោង។
បន្ទាប់ពីបានកាប់ប្រពន្ធរបួសរួចហើយ បុរសជាប្តីក៏បានរត់គេចខ្លួនបាត់ ដោយសារមូលហេតុ ផឹកស្រាស្រវឹង ។
ករណីនេះសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនបង្កជាប្តីដើម្បីទទូលទោសតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី