ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវបាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនពាក់ព័ន្ធករណីចូលទៅលួចមាន់ពេលម្ចាស់តាមទាន់ក្រុមជនសង្ស័យព្រួតគ្នាវាយហើយទាញកាំបិតកាប់ម្ចាស់មាន់បណ្តាលអោយរងរបួសធ្ងន់ក្រោយមកបានស្លាប់បន្ទាប់ពីក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ករណីចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ជនសង្ស័យឈ្មោះ ជា ហៃ ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខពិតប្រាកដ មានទីលំនៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ចំណែកជនសង្ស័យដែលរត់គេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ដោយឡែកជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
លោកម៉ៅ សឿត បញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២០៖៤០នាទី នៅចំណុចដីឡូតិ៍ចំការស្វាយ ភូមិមិត្តភាព សង្កាត់ព្រែកឯង ជនសង្ស័យ៣នាក់ ឈ្មោះ ជា ហៃ ឈ្មោះ តួ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។ពួកគេនាំគ្នាផ្លោះរបងចូលទៅក្នុងដីឡូតិ៍ចម្ការស្វាយ ដើម្បីលួចមាន់ ។
ពេលនោះជនរងគ្រោះឮឆ្កែព្រុសក៏បញ្ចាំងភ្លើងពិលឃើញជនសង្ស័យកំពុងទាញសំណាញ់លួចមាន់ ទើបងើបពីគ្រែដេកស្ទុះចេញទៅចាប់ជនសង្ស័យ ។ ពេលនោះជនសង្ស័យនាំគ្នាវាយជនរងគ្រោះដួលទៅលើដីហើយជនសង្ស័យឈ្មោះតួស្ទុះទៅយកកាំបិតផ្គាក់របស់ជនរងគ្រោះនៅក្រោមគ្រែកាប់ទៅលើជនរងគ្រោះចំកញ្ចឹងក,ចំថ្ពាល់ខាងស្តាំនិងចំក្បាលរបួសធ្ងន់រួចនាំគ្នាគេចខ្លួនបោះកាំបិតផ្គាក់ចោលនៅកន្លែងកើតហេតុ។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រួចក៏បានស្លាប់។រហូតដល់ម៉ោង២២៖០០នាទីសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ឈ្មោះជាហៃនៅភូមិកើតហេតុបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕ សណ្តោស