ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេងរងការចោទប្រកាន់ថាធ្វើផ្លូវដាក់លូលើដីកម្មសិទ្ធិអ្នកដទៃនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ស្ថិតក្នុងភូមិតាបិបសង្កាត់បាវិតក្រុងបាវិត ខណៈតំណាង ម្ចាស់ដីអំពាវនាវរកយុត្តិធម៌ដោយតុលាការចេញដីកាសម្រេចអនុញ្ញាតឲ្យកូនបំណុល ជាម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិតដាក់លូក្រោមដី ក្នុងដីកម្មសិទ្ធិរបស់អ្នកដទៃខុសនឹងច្បាប់ ។

យោងតាមតំណាងម្ចាស់ដីរងគ្រោះឡូវ អ៊ុយឡុង បានឲ្យក្រុមសារព័ត៌មានដឹងថា ដោយរូបគាត់កើតទុក្ខមិនសុខចិត្ត និងមិនអាចទទួលយកបានដែលលោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងចេញដីកាសម្រេច អនុញ្ញាតឲ្យកូនបំណុលឈ្មោះ លីហុងស៊ីញ និងឈ្មោះសោមសាវឿន ជីកដីដាក់លូនៅខាងក្រោមដី ត្រង់ចំណុចផ្នែកខាងកើត នៃដីកម្មសិទ្ធិរបស់ម្ចាស់បំណុលឡូវ អ៊ុយឡុង មានបណ្ណ័សម្គាល់សិទ្ធិកាន់កាប់អចលនៈវត្ថុ លេខ០០៥៤៧៧ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៩ ដែលមានទីតាំងស្ថិតនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិតដោយអយុត្តិធម៌ ខណៈមានដីកាសម្រេច ពីតុលាការ បានយកគ្រឿងចក្រ ទៅជីកកកាយដីដាក់លូ ដោយខ្លួនឯង ទើបរូបលោកអំពាវនាវដល់ ក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ ជាពិសេសសូមឲ្យសម្តេចតេជោហ៊ុន សែន ជួយរកយុត្តិធម៌ដល់ម្ចាស់ដីផងដោយអនុគ្រោះ ។

លោកក៏បានបញ្ជាក់តាមដំណើររឿងថា ការទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ នេះកើតឡើងចាប់តាំងពីដើមឆ្នាំ២០១៥មកម្ល៉េះ បង្កឡើងដោយឈ្មោះសោម សាវឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាមេការក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសតាយសេង មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀងបានបង្កទុះនាស់លើកទី១ដោយ ឲ្យកម្មករមកគាស់បង្គោលព្រំដីរឹងមាំទំហំ៤តឹកគុណ៤តឹកកម្ពស់១ម៉ែត្រកន្លះដែលជារបស់ខ្លួនយកទៅទម្លាក់ចោលក្នុងទឹកស្រះក្នុងគោលបំណងកប់ដីបំបិតតាងរំលោភយកដីធ្វើផ្លូវឯកជនរបស់ខ្លួន ក៏ប៉ុន្តែម្ចាស់ដីទៅទាន់ក៏ប្តឹងលោកមេភូមិតាបិបឈ្មោះសោមសាវឿនបានយល់ព្រមឲ្យកម្មករយកបង្គោលថ្ម មកដាំឲ្យជនរងគ្រោះវិញ ។

លើកទី២ រយៈពេល៥ខែក្រោយមក ឈ្មោះសោម សាវឿនបានឲ្យកម្មករយកគ្រឿងចក្រមកឈុសបំបាក់បង្គោលថ្មរបស់ជនរងគ្រោះរួចកាយកប់ក្នុងដីហើយធ្វើថ្នល់ពីលើរំលោភយកដីតែម្តង ។

ទាក់ទិនករណីនេះដែរលោកកឹងធួកអនុប្រធានអគ្គិសនីកម្ពុជាសាខាស្វាយរៀងបានឲ្យដឹងថា ការដាក់បង្គោលភ្លើងនេះខាងតំបន់សេដ្ឋកិច្ចពិសេសតាយ សេង មិនបានសុំមកអគ្គិសនីស្វាយរៀងទេ គេសុំអាជ្ញាប័នតាមអាជ្ញាធរខេត្តទៅស្ថានីអគ្គិសនីជីភូផ្ទាល់ គឺមិននៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីស្វាយរៀងនោះទេ ។

ចំណែកលោកសេងសីលា អភិបាលក្រុងបាវិតបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា គាត់ពិបាកគ្រប់គ្រងដោយភាគីតំបន់សេដ្ឋកិច្ចពិសេសតាសេងដូចជាស្តេចត្រាញ់មួយអញ្ចឹង ។

ពាក់ពន្ធ័ការដាំបង្គោលភ្លើងគឺសុំដាំតាមបណ្តោយផ្លូវជាតិលេខ១ពីជីភូមកតំបន់សេដ្ឋកិច្ចពិសេសតាយសេង រីឯការដាំបង្គោលភ្លើងពីផ្លូវជាតិលេខ១ ចូលទៅតាយសេងប៉ែកខាងកើតបង្កឲ្យប៉ះពាល់ដីឯកជនប្រជាពលរដ្ឋនោះគឺអាជ្ញាធរពុំបានដឹងឬអនុញ្ញាតឡើយ ហើយការសុំធ្វើផ្លូវថ្នល់គឺគ្រាន់តែជម្រាបប្រាប់ក្រុងបាវិតតាមទូរសព្ទ័ គឺធ្វើក្នុងដីរបស់ក្រុមហ៊ុនក៏ប៉ុន្តែជាក់ស្តែងគឺធ្វើកាត់លើដីអ្នកដទៃ ។

លោកបានបញ្ជាក់ទៀតថា ខាងអាជ្ញាធរក្រុងបាវិត ក៏បានទៅឃាត់ និងដោះស្រាយដែរ ក៏ប៉ុន្តែភាគីខាងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង មិនគោរពតាមការសម្របសម្រួល ចេះតែធ្វើសកម្មភាពធ្វើថ្នល់បេតុងរំលោភលើដីរបស់លោកឡូវ អ៊ុយឡុង រហូតហើយ ទើបអាជ្ញាធរឲ្យម្ចាស់ដីប្តឹងទៅតុលាការ ស្រាប់តែតុលាការចេញសេចក្តីសម្រេចបញ្ចប់ អនុញ្ញាតឲ្យភាគីតាយសេងដាក់លូក្នុងដីកម្មសិទ្ធិរបស់ឡូវអ៊ុយឡុុង ទៀត ហើយលោកសោមសាវឿនភាគីតាយ សេង បានយកដីកាសម្រេចរបស់តុលាការ មកជម្រាបជូនអាជ្ញាធរក្រុងហើយក៏យកគ្រឿងចក្រទៅជីកដាក់លូលើដី ។

ខណៈជនរងគ្រោះដែលកំពុងប្តឹងជំទាស់ ហើយភាគីម្ចាស់ដីបានសុំអន្តរាគមន៍ពីរូបលោក ក៏បានចាត់ឲ្យមន្ត្រីសាលាក្រុងសុំឲ្យភាគីតាយសេងផ្អាកសិន ក៏ប៉ុន្តែគេផ្អាកឬមិនផ្អាកលោកក៏មិនបានដឹងដែរ ។

ពាក់ពន្ធ័ និងករណីនេះដែរលោកសោមសាវឿន តំណាងឲ្យលោកលីហុងស៊ីញ ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសតាយសេងបានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងខ្លីថា ដោយក្រុមហ៊ុនបានអនុវត្តតាមដីកាសម្រេចរបស់តុលាការខេត្តស្វាយរៀងប៉ុណ្ណោះចំពោះ ការធ្វើថ្នល់ ការដាក់លូគឺដើម្បីផលប្រយោជន៍ទាំងសងខាង ។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋក្រុងបាវិតកំពុងរង់ចាំមើលចំណាត់ការថា តើម្ចាស់ដីទទួលបានយុត្តិធម៌ដែរ ឬទេ ពីម្ចាស់តំបន់សេដ្ឋកិច្ចពិសេស តាយ សេង? ៕ យឹម សុថាន


ចែករំលែក៖