ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដធុនត្រាដឹកឈើប្រណីតបុកស្រ្ដីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្ដធុនត្រាលួចដឹកឈើប្រណីត បើកបរក្នុងល្បឿនលឿនមកបុកស្រ្ដីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ១៧ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំនុច ភូមិ ព្រៃលាន ឃុំ ពពេល ស្រុក សូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ ៦២ ផ្លូវស្វាលើ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ដធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AJ8016 (អ្នកបើកបររត់គិចខ្លួនបាត់ ) បានបើកមកបុក ម៉ូតូសង សេ ១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ កណ្ដាល 1J5154 បណ្ដាលឲ្យស្លាប់១ និងរបួសធ្ងន់១។

ជនរងគ្រោះទី១ ឈ្មោះ ស្រី ណាក់ ភេទស្រី អាយុ ១៧ ឆ្នាំ រស់នៅភូមិ រហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប (ស្លាប់) និង ជនរងគ្រោះទី២ ឈ្មោះ ឆ លីន ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិជប់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (រងរបួសធ្ងន់) ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចួនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ប្រគល់ឲ្យសាច់ញាតិក្រុគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង ប្រមូលវត្ថុតាំងមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក សូទ្រនិគម រង់ចាំដោះស្រាយតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖