ភ្នំពេញ៖ លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ សម្រេចមិនដោះលែងជនត្រូវចោទកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឱ្យនៅក្រៅឃុំបណ្តោះអាសន្នទេ ។
សវនាការនេះ ធ្វើជាអសាធារណៈ ព្រោះជារឿងមុនអង្គសេចក្តី ដោយពុំអនុញ្ញាតឱ្យអ្នកមិនពាក់ព័ន្ធចូលរួមសវនាការឡើយ ហើយក៏គ្មានវត្តមានលោកកឹម សុខា ដែរ។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួន លោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃនៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ។
លោក លី សុផាន់ណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលកន្លងទៅ បានប្រាប់ក្រុមអ្នកសារព័ត៌មាន តាមសារអេឡិចត្រូនិច Telegram ថា ការសម្រេចពន្យារពេលឃុំខ្លួន លោក កឹម សុខា នេះគឺចៅក្រមស៊ើបសួរយល់ថា ដោយសារមានភាពចាំបាច់ ៕ ចេស្តា