ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់ទាំង២នៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាបត់ឆ្លងផ្លូវដោយមិនប្រយ័ត្នក្នុងស្ថានភាពគ្រោះថ្នាក់ ត្រូវរថយន្តមួយគ្រឿងបុកពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជិះម៉ូតូទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងវេលាម៉ោង២២និង៥០នាទីយប់ ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែក កែងផ្សារ ថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មាន២នាក់ ទី១-ឈ្មោះ កឹក ជីវន្ត ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិឧញ៉ាទេព ឃុំត្រពាំងគង ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកឌុប) និងទី២-មិនស្គាល់អត្តសញ្ញាណ (ជាអ្នករួមដំណើរ) រីឯម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ូគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ1T- 9161 ។ ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួនបាត់ស្រមោល) ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវ៥១ លុះជិះមកដល់ចណុចផ្លូវបំបែកកែងថ្នល់ទទឹង ក៏ឆ្លងផ្លូវមកត្បូងផ្លូវ ខណៈនោះក៏មានរថយន្ដ០១គ្រឿងមិនស្គាល់ម៉ាកបើកពីលិចទៅកើតក៏បុកម៉ូតូជនរងគ្រោះឆ្លងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញស្រុកបានចុះពិនិត្យ និងវាស់កន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ។ ចំពោះសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្តដឹងថា ករណីនេះបណ្តាលមកពីអ្នកជិះម៉ូតូ ឆ្លងថ្នល់ខ្វះការប្រុងប្រយត្ន័ រីឯរថយន្ដបើកក្នុងល្បឿនលឿន ទីប្រជុំជន ទើបបានជាបុកម៉ូតូ បណ្ដាលឲ្យស្លាប់តែម្ដង ៕ ស្អាងជ័យ


ចែករំលែក៖