ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ គម្រោងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤របស់អង្កការចៃកានៅរាជធានីភ្នំពេញ និងចាប់ផ្ដើមឡើងនៅខែសីហានេះ

ចែករំលែក៖

ភ្នំពេញ៖ គម្រោងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទាន របស់ប្រទេសជប៉ុន តាមរយៈអង្កការចៃកាគ្រោងនឹងចាប់ផ្តើមឡើងក្នុងអំឡុងខែសីហា ឬកញ្ញានេះ ជាមួយនឹងការរៀបចំស្ថានីយ៍បូមទឹក បំពាក់ដោយឧបករណ៍ និងម៉ាស៊ីនសម្រាប់បូមធូលី ម៉ាស៊ីនចាប់សំរាមដោយស្វ័យប្រវត្តិ។

នេះបើតាមការបញ្ជាក់ឲ្យដឹងក្នុងឲ្យកិច្ចប្រជុំលើកិច្ចការងាររៀបចំ​ និងគិតគូរអំពីការពិនិត្យលទ្ធភាព លើគម្រោងទី៤ នៃគម្រោងរួម ការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូរបស់អង្គការចៃកា ដែលកិច្ចប្រជុំនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងអង្គការចៃកា តំណាងឲ្យរដ្ឋាភិបាលជប៉ុន រួមជាមួយភាគីពាក់ព័ន្ធជាមួយចំនួនទៀត ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា៖ គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺពិភាក្សាលម្អិតលើផលប៉ះពាល់មួយចំនួន ដែល ធ្វើឲ្យរាំងស្ទះ ពុំទាន់អាចឲ្យគម្រោងនេះ អនុវត្តន៍ទៅបាន ដោយសារតែយើងបានគិតគូរ អំពីបញ្ហាទាំងនេះលើទីតាំងមួយចំនួន ដែលទើសនឹងទីតាំងគម្រោងនេះ ។

លោកបញ្ជាក់ថា៖ គម្រោងជំហ៊ានទី៤ នៃការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូនេះ បានផ្តោតទៅលើការងារ សំខាន់ៗមួយចំនួនដូចជា ការងាររំដោះទឹក ដែលការងាររំដោះទឹកនេះចែកចេញជាពីរផ្នែក ដែលគោលបំណងធំឬអត្ថប្រយោជន៍ធំ គឺទទួលបាន នៅផ្នែកខាងជើងវត្តភ្នំ នៅក្នុងតំបន់ផ្លូវអមផ្លូវ និងផ្លូវ១៤៧ ដោយចាប់ពីវត្តភ្នំរហូតទៅដល់រង្វង់មូលគួចកាណុង មានផ្ទៃប្រមាណជិត៧០ហិកតា ដែលនឹងត្រូវរៀបចំនិងគិតគូរ ឲ្យមានជាស្ថានីយ៍បូមទឹកមួយកន្លែង ដែលស្ថានីយ៍បូមទឹកនេះ ជាស្ថានីយ៍ទី៥ ស្របតាមមាត់ទន្លេ ហើយមានទីតាំងនៅទល់មុខសួនច្បារ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (CDC)។ នៅក្នុងស្ថានីយ៍បូមទឹកនេះ នឹងរៀបចំឲ្យមានអាងស្តុកទឹកក្រោមដី ដែលមានសមត្ថភាពអាចស្តុកទឹកប្រមាណ៦.០០០ម៉ែត្រគូបមុន នឹងធ្វើការបូមទម្លាក់ទឹកភ្លៀង ពីអាងស្តុកទឹកចូលទៅក្នុងទន្លេ។

បន្ថែមពីការរៀបចំស្ថានីយ៍បូមទឹកនេះ នឹងមានការដំឡើងនូវឧបករណ៍ ឬក៏ម៉ាស៊ីនសម្រាប់បូមធូលី ឬសំរាមដោយស្វ័យប្រវត្តិ ដែលកិច្ចការនេះជាចំណែកមួយ នៃគម្រោងជំហ៊ានទី៤ ហើយគម្រោងនេះ នឹងយកទៅបំពាក់នៅគ្រប់ស្ថានីយ៍ទាំង៤ នៅជាប់មាត់ទន្លេ គឺស្ថានីយ៍បូមទឹកផ្សារចាស់ ស្ថានីយ៍ព្រះគម្លង់ ស្ថានីយ៍ផ្សារកណ្តាល និងស្ថានីយ៍ចតុមុខ ដែលជាស្ថានីយស្ថាបនារួចហើយ តាំងពីគម្រោងជំហ៊ានទី២មកម្ល៉េះ ។ បានន័យថា អាជ្ញាធរបានបន្ថែមឧបករណ៍កាយសំរាមដោយស្វ័យប្រវត្តិ នៅក្នុងស្ថានីយ៍ទាំង៤ លើគម្រោងជំហ៊ានទី៤នេះ ។

លោកបន្តថា៖ អត្ថប្រយោជន៍នៃការសម្រួលផ្ទៃទឹក នៅក្នុងតំបន់ទួលគោកស្ថិតក្នុង សង្កាត់បឹងកក់១ សង្កាត់បឹងកក់២ ។ ក្នុងគម្រោងនឹងមានការរៀបចំដាក់ប្រព័ន្ធបណ្តាញលូ ក្នុងទំហំ ចន្លោះចាប់ពី ២ម៉ែត្រទី២,៥០ម៉ែត្រ ចម្ងាយប្រមាណជិត៧គីឡូម៉ែត្រ និងការដាក់លូប្រអប់ប្រវែង១,៥គីឡូម៉ែត្រ។ គម្រោងទាំង២នេះ គឺអាចធ្វើការរំដោះឬដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង បានមួយភាគបន្ថែមទៀត នៅក្នុងតំបន់ខាងលើនេះ ហើយនេះជាចំណែកមួយនៃជំហ៊ានទី៤ នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ដែលនឹងត្រូវអនុវត្តន៍ និងប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ ហើយនឹងអាចដំណើរគម្រោងនៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ៕ សំរិត


ចែករំលែក៖