ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី ទិត សុខវណ្ណា ព្រមរុះរើរោងដែកដែលសង់រំលោភយកដីផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់សំណង់រោងដែក ដែលអាជ្ញាធរខណ្ឌសែនសុខ ចាត់ទុកថា ជាសំណង់ខុសច្បាប់ និងបានដាក់ពេលកំណត់ឲ្យរុះរើចេញ ជាច្រើនលើក ដោយមានលិខិតជូនដំណឹងផងនោះ មកដល់ពេលនេះ ម្ចាស់សំណង់ខុសច្បាប់ឈ្មោះ ទិត សុខវណ្ណា ដែលគេដឹងថា មានតួនាទីជាមេធាវីនោះបានសម្រេចចិត្តរុះរើចេញដោយខ្លួនឯងហើយ កាលពីយប់ថ្ងៃចន្ទ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។

សូមជម្រាបជូនថា លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានប្លង់ LMAP នៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា អាជ្ញាធរសង្កាត់គោកឃ្លាង ធ្លាប់ បានយកលិខិតជូនដំណឹង ឲ្យរុះរើ ដែលមានហត្ថលេខាលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ទៅបិតលើរោងដែកដែលសង់រំលោភយកដីផ្លូវរដ្ឋ ដោយបានកំណត់ពេលឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើសំណង់រោងដែកដែលសង់លើដីគម្រោងផ្លូវសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែផ្ទុយពីការកំណត់របស់អាជ្ញាធរ លោកមេធាវីបំពានច្បាប់រូបនេះ បានសុំពន្យាពេលរុះរើត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ទីបំផុត មេធាវីរូបនេះនៅតែមិនគោរពតាមការសន្យា ខណៈដែលលិខិត ជូនដំណឹងក៏ត្រូវគេបកចោលនៅលើរោងដែករំលោភផ្លូវរដ្ឋនោះផងដែរ ៕ តុង សីហា


ចែករំលែក៖