ខេត្តស្ទឹងត្រែង៖ ម៉ូតូឌ្រឹមសង់ពីរគ្រឿងបុកគ្នាធ្វើឲ្យរងរបួសធ្ងន់ និងស្រាលទាំងសងខាង ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច ហេតុការណ៍នេះកើតឡើង វេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ផ្ទះសំណាក់ឌូសុខហេង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូឌ្រីមសង់C125 ពណ៌ខ្មៅសេរី២០១៥ ពាក់ស្លាក់លេខ ស្ទឹងត្រែង 1.B.1921 បើកបរដោយឈ្មោះ ឆៃយ៉ា អាយុ១៥ឆ្នាំ រស់ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង បើកបរក្នុងល្បឿនលឿន ពីលិចមកកើត មកដល់ចំណុចកើតហតុខាងលើ បានវាក់នឹងម៉ូតូ ឌ្រឹម សង់ C125 សេរី ២០១៦ ពាក់ស្លាកលេខ ស្ទឹងត្រែង 1.A9279 បើកបរដោយបុរសម្នាក់ឈ្មោះ សុគុណ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិផាដើម ឃុំសាមខួយ ស្រុកសេសាន បើកបរពីជើងទៅត្បូង បុកចំពាក់កណ្តាលត្រូវជើងខាងស្តាំ ធ្វើឲ្យបាក់និងបែកមុខខ្ទេច ខ្ទាតមកម្ខាងផ្លូវ បច្ចុប្បន្នត្រូវបានដឹកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែកម៉ូតូទាំងសងខាងត្រូវបាន នគរបាលចរាចរណ៍ដឹកយកទៅរក្សាទុក នៅការិយាយល័យចរាចរណ៍ផ្លូវគោគ រង់ចាំភាគីទាំងសងខាង មកដោះស្រាយតាមផ្លូវច្បាប់ ៕ មាស សុផាត