ប៉ោយប៉ែត៖ បុរសស្រវឹងកញ្ឆាម្នាក់អុកឡុកអ្នកស្រុកត្រូវបាននគរបាលការពារព្រំដែនគោក៩១១ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅវេលាម៉ោង១២និង៤០នាទី ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះខៀន សារ៉ន (ហៅជុក) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកើតហេតុ ។
នៅក្នុងប្រត្តិបត្តិការនោះ ដឹកនាំកម្លាំងដោយលោកអនុសេនីយ៏ឯកកែវ បូរ៉ា នាយប៉ុស្តិ៍ ព្រៃគប់ នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោលេខ៩១១ រួមជាមួយកម្លាំងប៉ុស្ដិ៍ចំនួន៩នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត &អាជ្ញាធរភូមិទំនប់ក៥ ការឃាត់ខ្លួនជនសង្ស័យខាងលើ ។ ក្នុងប្រតិបត្តិការនោះដែរ កម្លាំងបានដកហូតវត្ថុតាង៖ ដើមកញ្ឆា(ស្រស់) ចំនួន៣៦ដើម ដែលបុរសខាងលើដាំដុះខុសច្បាប់&កាំបិតចំនួន២ដើម ។
សមត្ថកិច្ចបនញ្ជាក់ថា បុរសខាងលើពេលញៀនកញ្ឆាម្ដងៗ (ជួកបែក) ធ្វើសម្មភាពអុកឡុកដោយប្រើកាំបិតផ្គាក់ ជេរប្រមាថ គំរាមកំហែងគេឯង បង្កការភ័យខ្លាច ដល់អ្នករស់នៅជិតខាង ក្នុងភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បី ចាត់ការបន្តតាមច្បាប់ ។ លោកអធិការក្រុងប៉ោយប៉ែតធិន ស៊ីនដេតបានបន្ថែមថា ជនសង្ស័យមិនទាន់បានសួរនាំនៅឡើយទេ ដោយជនសង្ស័យកំពុងតែស្រវឹងកញ្ឆា ៕ វណ្ណា