ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ផ្ដល់ប័ណ្ណកម្មសិទ្ធិផ្ទះជូនប្រជាពលរដ្ឋ រស់នៅបុរីផ្ទះល្វែងចំការល្មុត និងចំការស្វាយ ភូមិតាង៉ូវ ខណ្ឌច្បារអំពៅ ចំនួន ៤០៧ បណ្ណ័

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួបសំណេះ សំណាល និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរស់ នៅបុរីផ្ទះល្វែងចំការល្មុត និងចំការស្វាយ ភូមិតាង៉ូវចំនួន ៤០៧គ្រួសារ ដោយសារពួកគាត់ រស់នៅមិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ៥ទៅ៦ឆ្នាំ មកហើយ ។ ពិធីនេះធ្វើនៅព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៨ នៅក្នុង ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយមានការ ចូលរួមពីអភិបាលរងរាជធានី មន្ទីរពាក់ព័ន្ធ និងលោកចេង មុន្នីរ៉ា អភិបាល ខណ្ឌច្បារអំពៅ រួមនិងប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ ។  

លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងសុរិយោដីរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងថា៖  ប្រជាពលរដ្ឋដែលត្រូវបានទទួល ប័ណ្ណកម្មសិទ្ធិនាពេលនេះមានចំនួន៤០៧គ្រួសារឬ ខ្នងផ្ទះ ដែលពួកគាត់បាននឹងកំពុងរស់នៅក្នុងបុរីផ្ទះល្វែងចំការល្មុតននិងចំការស្វាយ ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកបន្ដថា៖ ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ ទាំង៤០៧គ្រួសារ ឬខ្នងផ្ទះ ដោយប្រជាពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណកម្មសិទ្ធិ កាលពីមុនបងប្អូនបង់រហូតដល់ទៅ ៥០០ដុល្លារ ទៅ៨០០ដុល្លារ ឯណ្ណោះ ។ តែឥឡូវបងប្អូនចំណាយតែ២០ដុល្លារ  ដូច្នេះ ក្រោមពីបងប្អូនទទួលបានប័ណ្ណនេះហើយ បងប្អូន អាចយកទៅផ្ទេរកម្មសិទ្ធិតែម្តង ហើយតម្លៃនៃការផ្ទេរនេះ ត្រឹមតែ៦០ម៉ឺនរៀលណ្ណោះ  ។

ចំពោះការបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានសម្រេចសម្រួលឲ្យប្រជាពលរដ្ឋ មកបង់ពន្ធត្រឹមតែ ១លើកប៉ុណ្ណោះ ចុងក្រោយ ។ ប៉ុន្តែទោះបីជាយ៉ាង ណាក្តី ចំពោះការលើកលែងនេះ គឺមានសុពលភាពត្រឹមតែថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ បើហួសពីពេលនេះទៅ គឺរដ្ឋាភិបាល នឹងអនុវត្តដដែល ដោយមិនមានការលើកលែងទៀតទេ ។

លោក  ឃួង ស្រេង បានបញ្ជាក់ថា ៖ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាង ពោលគឺប្រជាពលរដ្ឋ ក៏បានផលប្រយោជន៍ច្រើន ហើយរដ្ឋក៏បានទទួលផលប្រយោជន៍ផងដែរ ព្រោះពេលប្រជាពលរដ្ឋមានលំនឹងពិតប្រាកដ ដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន ។

លោកបន្ដថា៖  កន្លងមកមានប្រជាពលរដ្ឋមួយចំនួន មិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀត ដោយមិនបានបង់ព័ន្ធប្រថាប់ត្រា ដោយមានខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀត រហូតដល់៤នាក់ ទៅ៥នាក់បន្តគ្នា ហើយបើតាមច្បាប់ គឺត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះ តាមចំនួនដង ។

លោកបន្តថា ៖ អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើជាជំហានដំបូងនោះ គឺត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកប័ណ្ណនេះទៅផ្ទេរកម្មសិទ្ធិ តែម្តង ហើយតម្លៃនៃការផ្ទេរ ឬបង់ប័ណ្ណអចនទ្រព្យ ត្រឹមតែ៦០ម៉ឺនរៀល  ហើយបងប្អូន សូមទៅផ្ទេកម្មសិទ្ធិដោយខ្លួនឯងផ្ទាល់ កុំឲ្យគេរត់ការអី ព្រោះខ្លាចអ្នករត់ការនោះ គេយកតម្លៃ លើសពីនេះ គុណ២ដង និងមានការថ្នាំងថ្នាក់ទៅថ្ងៃក្រោយ៕   សំរិត


ចែករំលែក៖