ភ្នំពេញ៖ អគ្គិភ័យជាលក្ខណៈទ្រង់ទ្រាយធំមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋត្រឹមមួយប៉ប្រិចភ្នែក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កម្លាំងកងកម្លាំងចម្រុះ ក៏ដូចជាអាជ្ញាធរខណ្ឌមានជ័យ បានចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់ និងសង្គ្រោះមនុស្សចាស់ជរាដែលជាជនពិការកំពុងតែជាប់ក្នុងផ្ទះ ឲ្យរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវ៦៥បេតេ ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពថា ករណីអគ្គិភ័យយ៉ាងសន្ធោសន្ធៅខាងលើនេះ បានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នងផ្ទះ ស្មើនឹង៣១គ្រួសារ ក្នុងនោះមានផ្ទះថ្មចំនួន៦ខ្នងផ្ទះ ដំបូលស័ង្កសី និងផ្ទះឈើ១៤ខ្នង ផ្ទះដំបូលស័ង្កសី តែករណីអគ្គិភ័យនេះ មិនបានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនេះ មានការ អន្តរាគមន៍ដោយរថយន្តពន្លត់អគ្គិភ័យ អាវុធហត្ថរាជធានីភ្នំពេញចំនួន៥គ្រឿង, រថយន្តអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន១៣គ្រឿង, រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង, រថយន្តស្រាបៀរកម្ពុជា១គ្រឿង, រថយន្តទីក្រុងកោះពេជ្រចំនួន២គ្រឿង និងរថយន្តជ្រោយចង្វារចំនួន៤គ្រឿង ហើយជាលទ្ធផលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន២៨គ្រឿង ទើបរលត់ទៅវិញ ១០០%ភាគរយ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល មិនតែប៉ុណ្ណោះក្នុងករណីអគ្គិភ័យនេះ កងកម្លាំងរាជអាវុធហត្ថខណ្ឌមានជ័យ បានអន្តរាគមន៍ធ្វើការគាស់ទម្លុះចូលផ្ទះមួយកន្លែងដែលកំពុងឆាបឆេះ និងមានស្ត្រីចាស់ជរាជនពិការ នៅជាប់ខាងក្នុង ដើម្បីជួយសង្គ្រោះនាំអ៊ុំស្រី ចេញមកខាងក្រៅឲ្យរួចផុតពីគ្រោះថ្នាក់ ។
ចំណែកមូលហេតុ នៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់លាស់បាននៅឡើយទេ រង់ចាំសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាមុនសិន៕