ព័ត៌មានទាន់ហេតុការណ៍៖

​រថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» ជាប្រភពដឹកជញ្ជូនថ្នាំញៀនគួរឲ្យព្រឺសម្បុរ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ សមត្ថកិច្ចបានរឹបអូសសង្ស័យគ្រឿងញៀនជាង១០០ដុំ ស្មើទម្ងន់​ជាង១០០​គីឡូក្រាម​ កាលពីរសៀល​ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រក​អន្តរជាតិត្រពាំង​គ្រៀល​ព្រំដែន​កម្ពុជា​-​ឡាវ ខណៈ​ក្រុម​ឈ្មួញ​ដឹក​ចេញពី​ប្រទេស​ឡាវ​ចូល​មកក្នុងប្រទេស​កម្ពុជា តាមរយរថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» ។

មន្រ្តីច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ​ក្រុង​ស្ទឹង​ត្រែង ឲ្យ​​ប្រភពព័ត៌មានដឹងថា​ ថ្នាំ​ញៀន​ចំនួន​១២០​ដុំ​ ជាប្រភេទម៉ាកទឹកកក គឺ​ក្នុងមួយ​ដុំ​ ទម្ងន់​ប្រហែលជា​១​គីឡូ​ក្រាម​ ត្រូវ​បាន​​រក​ឃើញ​លើ​រថយន្តក្រុង​ដឹក​អ្នកដំណើរ «សូ​រិ​យា» ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2671 ខណៈ​កំពុងធ្វើដំណើរចេញពីច្រកទ្វារអន្តរជាតិ និង​បន្ត​គោលដៅ​ទៅ​រាជធានី​ភ្នំពេញ​។

ប្រភពថា ការ​ឃើញ​ថ្នាំ​ញៀន​​ដ៏​​ច្រើន​នោះ ​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ឡាវ​ កាលពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​២៦​​ មិថុនា​ ​​។ សមត្ថកិច្ច​​ ​បាន​ឃាត់​មនុស្ស​ប្រុស​៣​នាក់​ សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ គឺ​តៃកុង​រថយន្ត​, អ្នក​បក​ប្រែភាសា និងជន​សង្ស័យ​ជា​ម្ចាស់​ថ្នាំ​ញៀន ៕


ចែករំលែក៖