ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការនីជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកនេះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៨និង០០នាទីនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨,។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ឆ្នាំងដែលបានផ្តល់ភាពកក់ក្តៅ និងស្និទ្ធស្នាលចំពោះសម្តេច។ តាមរយះកាយវិការនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាកាយវិការលើសពីមេដឹកនាំ និងប្រជាពលរដ្ឋ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានទំហំពាណិជ្ជកម្មជាមួយថៃ ៦ពាន់លានដុល្លារ និងជាមួយវៀតណាម ៤ពាន់លានដុល្លារ។ សម្តេចតេជោ បញ្ជាក់ថា តាមរយៈរូបភាពនេះ គឺបានបង្ហាញថាកម្ពុជាកំពុងមានទំនាក់ទំនងពាណិជ្ជកម្មល្អប្រសើរជាមួយប្រទេសជិតខាង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពង្រាយរោងចក្រតាមបណ្តាខេត្តកំពុងទទួលបានជោគជ័យបណ្តើរៗ និងកំពុងឈានទៅរកភាពល្អប្រសើរជានេះបន្តទៅទៀត។

-សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា តាមរយះការយកជីវិតធ្វើដើមទុនចេញតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបធ្វើកម្ពុជាមានអ្វីៗដូចពេលបច្ចុប្បន្ន,។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាកន្លែងណាក៏មានសង្គ្រាមដែរ តែបន្ទាប់ពីសម្តេចទទួលបានជោគជ័យការបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះឈ្នះ សម្តេចបានដាក់ចេញគោលនយោបាយពីរ គឺនយោបាយប្រែក្លាយតំបន់សង្គ្រាមទៅជាតំបន់ឧស្សាហកម្ម និងអភិវឌ្ឍ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការ។

-សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សមិទ្ធផលនាពេលបច្ចុប្បន្នមិនមែនកើតចេញតែពីគណបក្សប្រជាជនកម្ពុជានោះទេ តែក៏មានការចូលរួមចំណែកពីជីដូនជីតា ឪពុកម្តាយ និងក្រុមកម្មករ កម្មការិផងដែរ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមិនច្រើនទេ ដែលផ្តល់គោលនយោបាយផ្តល់ប្រាក់ឈ្នួលក្នុងអត្រា ១២០ភាគរយ សម្រាប់កម្មករិនីពេលសម្រាលកូន ហើយអាចសម្រាកមាតុភាពរហូតដល់ទៅ ៣ខែនោះ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងអ្វីក៏ដោយឲ្យតែជាផលប្រយោជន៍របស់ប្រជាពលរដ្ឋកុំចាត់ទុកជារឿងតូចតាច។ ការបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងក្រោយពេលមានអ្នករិះគន់សម្តេចថា សូម្បីតែការងារសុំឲ្យកម្មការិនីចេញមុនម៉ោងបាន ១៥នាទី គឺជារឿងតូចតាច។

-សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការងាររបស់កម្មករ កម្មការិនីនាពេលបច្ចុប្បន្ន មិនមែនបានមកដោយសារបក្សប្រឆាំងនោះទេ តែផ្ទុយទៅវិញបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបបក្សប្រជាជនកម្ពុជាដែលមានសម្តេចជាប្រមុខដឹកនាំ។

-សម្តេចតេជោ អំពាវនាវដល់ម្ចាស់រថយន្តឈ្នួលទាំងអស់កុំដំឡើងថ្លៃឈ្នួលពេលកម្មករ កម្មការិនីធ្វើដំណើរទៅស្រុកកំណើតក្នុងពេលបោះឆ្នោត។

-សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ពេលរក្សាបាននូវបរិយាកាសល្អក្នុងរោងចក្រ នឹងបង្កើតនូវទំនុកចិត្ត និងការជឿជាក់របស់អ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់កម្មករ កម្មការិនីរួមគ្នាជាមួយអាជ្ញាធរ និងថៅកែរោងចក្រធ្វើយ៉ាងណាកុំឲ្យមានបងតូចបងតូច និងមានការសេពគ្រឿងញៀននៅក្នុងរោងចក្រ។

-សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកនិយាយថា «កម្ពុជាជាសង្គមស៊ីផឹក»នោះថា តើរកលុយមកធ្វើអ្វី បើមិនយកទៅហូបចុកទេនោះ?

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរនយោបាយនយោបាយសេដ្ឋកិច្ចរបស់មេផ្តាច់ការ «លេនីន»​ ដែលលោកបានសរសេរថា បើមិនមាននាយទុន មិនមានកម្មករនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនឹងមិនជួយផ្សព្វផ្សាយឲ្យគណបក្សនយោបាយណាមួយ ដោយលើកឈ្មោះបក្ស ឬឈ្មោះមេដឹកនាំបក្សនោះទៀតឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មេដឹកនាំគណបក្សនយោបាយគណបក្សប្រជាជនកម្ពុជា មិនឲ្យឆ្លើយឆ្លងជាមួយបក្សនយោបាយណាទាំងអស់ គឺគ្រាន់តែផ្សព្វផ្សាយពីការខិតខំ និងសមិទ្ធផលរបស់ខ្លួនបានហើយ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា សម្តេចនឹងមិនជួយឃោសនាផ្សព្វផ្សាយឲ្យគណបក្សនយោបាយណាមួយ ដោយលើកឈ្មោះបក្ស ឬឈ្មោះមេដឹកនាំបក្សនោះទៀតឡើយ និងផ្តាំផ្ញើដល់មេដឹកនាំគណបក្សប្រជាជន កុំឆ្លើយឆ្លងជាមួយគណបក្សណាទាំងអស់។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការដែលសម្តេចប្រតិកម្មជាមួយគណបក្សនយោបាយមួយនៅកម្ពុជានាពេលកន្លងទៅ គ្រាន់តែជាចេតនាជួយផ្សព្វផ្សាយឲ្យបក្សនោះ ហើយបំភ្លេចអ្នកផ្សេងតែប៉ុណ្ណោះ។

-សម្តេចតេជោ ហ៊ុន សែន៖ បើគោលនយោបាយគាំពារកម្មករ-កម្មការិនីរោងចក្រ មិនអនុវត្តន៍ជារៀងរហូត ធ្វើឡើងតែក្នុងពេលបោះឆ្នោតដូចការឃោសនាអកុសលរបស់អ្នកនយោបាយមួយក្តាប់តូចមែននោះ សូមនាំគ្នាទូទាំងប្រទេសតវ៉ាទម្លាក់សម្តេចពីនាយករដ្ឋមន្ត្រីទៅចុះ…!!!

-គួរំលឹកផងដែរថា៖ ជំនួបលើកទី៤៦ រាប់ទាំងជំនួបថ្ងៃនេះ រវាង សម្តេចតេជោ ហ៊ុន សែន ជាមួយបងប្អូនកម្មករកម្មការនី គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។
ជំនួបទាំង៤៦លើកនេះ មានកម្មករ កម្មការនីសរុប ៦០៥,២១២នាក់ ដែលបានចូលរួមសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន៕  សុខ ខេមរា


ចែករំលែក៖