ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជនជាតិចិនវាយជាមួយក្រុមសន្តិសុខកោះពេជ្រ រងរបួសជិត១០នាក់

ចែករំលែក៖

ភ្នំពេញៈ ជនជា តិចិនមួយក្រុម បានដេញវាយគ្នាពេញផ្លូវជាមួយសន្តិសុខកោះពេជ្រ យ៉ាងសាហាវដូចក្នុងរឿងហុងកុង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាលជិត១០នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងយីហោ សៅដិន​ អ៊ិនធើណេសិនណល ស្ថិតក្នុង កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

បើតាមសម្ដីរបស់សន្តិសុខកោះពេជ្រម្នាក់ ដែលត្រូវបានជនជាតិចិន វាយឲ្យរងរបួសបែកមុខ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូឌុបសន្តិសុខម្នាក់ទៀត ធ្វើដំណើរចេញពីកន្លែងធ្វើការ បំណងជិះទៅស្កែនមេដៃចេញទៅផ្ទះ លុះធ្វើដំណើរមកដល់មុខហាង ខាងលើ ស្រាប់តែមានជនជាតិចិនមួយក្រុម បានរត់ប្រលែងគ្នាពេញផ្លូវ ហើយក៏មានជនជាតិចិនម្នាក់ រត់ក៏ទៅបុកម៉ូតូរបស់គាត់ ហើយក៏ប្រកែកគ្នាយ៉ាង តឹង​សរសៃ.ក រហូតកើតជាហិង្សាវាយតបគ្នាតែមង្ត។

ភ្លាមៗនោះ ស្រាប់តែមានបុរសជនជាតិចិន បើករថយន្តស៊េរីទំនើប២គ្រឿងទៀត ដោយមួយគ្រឿងម៉ាក Porsche ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0007 និងមួយគ្រឿងម៉ាក Celica ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-9998 មកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្ត និងជនជាតិចិន ប្រមាណជាង២០នាក់ផ្សេងទៀត បានដេញវាយពួកគាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រ នាំគ្នាមកអន្តរាគមន៍ និងជួយឃាត់ផងដែរ ប៉ុន្តែដោយសារសន្តិសុខឃាត់មិនស្ដាប់ ទើបនាំគ្នាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យជនជាតិចិនម្នាក់សន្លប់ស្ដូកស្ដឹង និងរងរបួសទាំងសងខាង បែកមុខមាត់ជិត១០នាក់ទៀត ហើយក៏មានអ្នករបួសដែលជាសន្តិសុខកោះពេជ្រ ២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុ ហើយទាក់ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត ដឹកជនជាតិចិន ជើងខ្លាំងដែលសន្លប់យកទៅមន្ទីរពេទ្យ។

បន្ទាប់មក សមត្ថកិច្ចបានហៅភាគីទាំងសងខាងមកសម្រួលគ្នា តែនិយាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីសាកសួរ​រកមូលហេតុ និងដោះស្រាយតាមផ្លូវច្បាប់ ៕ ស រស្មី


ចែករំលែក៖