ខេត្តសៀមរាប៖ បុរសម្នាក់ អន់ចិត្តកូនទិញទូរស័ព្ទឲ្យប្រើ ក្រោយមកទូរស័ព្ទនោះរលត់ ហើយកូនក៏យកមកវិញមិនឲ្យប្រើ ក្រោយពីសាកថ្មរួចបើកចេញវិញ ឪពុកអន់ចិត្តកូនថា មិនចង់ឲ្យគាត់ប្រើ ក៏រអ៊ូរួចទៅផឹកស្រា ពេលត្រឡប់មកវិញ ក៏យកខ្សែនីឡុងចងកក្រោមផ្ទះស្លាប់តែម្ដង។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ ប៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម មានប្រពន្ធឈ្មោះ គ្រុយ ឡាង អាយុ៣៩ឆ្នាំ មានកូន៤នាក់ ប្រុស១នាក់។
សមត្ថកិច្ចបន្តថា មូលហេតុ ដែលឈានដល់កើតហេតុបែបនេះ មកពីជនរងគ្រោះ អន់ចិត្តនិងកូនស្រីឈ្មោះ កង លាង អាយុ១៦ឆ្នាំ ដែលបានទិញទូរស័ព្ទឲ្យប្រើ ក្រោយមកទូរស័ព្ទនោះរលត់ កូនក៏យកមកវិញមិនឲ្យប្រើ ក្រោយមកបើកដំណើរធម្មតាវិញ ឪពុកអន់ចិត្ត កូនថា មិនចង់ឲ្យគាត់ប្រើ ក៏ដើររអ៊ូរួចទៅផឹកស្រា ពេលត្រឡប់មកវិញ ក៏យកខ្សែលីឡុងចងកនិងរ៉ូតក្រោមផ្ទះខ្លួនឯងស្លាប់តែម្តង។
ក្រោយពេលទទួលបានព័ត៌មានកម្លាំងនគរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ហើយប្រពន្ធនិងកូនជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា គាត់ពិតជាបានធ្វើអត្តឃាតដោយចងកខ្លួនគាត់ពិតមែន តាមមូលហេតុដូចបានរៀបរាប់ខាងលើ។ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី