ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងប្រលឹមស្រាងៗដល់អ្នកភូមិ និងក្រុមគ្រួសារយ៉ាងច្រើនកុះកុញ ខណៈប្រទះឃើញបុរសម្នាក់អណ្ដែតទឹកស្រះក្បែរផ្ទះកាលពីព្រឹកវេលាម៉ោង៥ និង៣០នាទី ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពពែត បានឲ្យកាសែតនគរវត្តដឹងថាបុរស ដែលគេប្រទះឃើញអណ្ដែតទឹកមានឈ្មោះ សុខ អ៊ុនណា អាយុ៥៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធ និងកូន៣នាក់ រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល និងនគរបាល ស្រុកគ្រូពេទ្យ និងនគរបាលជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តបានចុះមកពិនិត្យសាកសពភ្លាមៗ ដោយពិនិត្យយ៉ាងល្អិតល្អន់ជាច្រើនម៉ោងឃើញថា សពស្លាប់ដោយធ្លាក់ចូលទឹកស្រះពិតប្រាកដមែន ខណៈមិនឃើញមានស្លាកស្នាមអ្វីសម្គាល់ថា ជារឿងឃាតកម្មអ្វីនោះទេ ។
តាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា ប្ដីគាត់គឺមានជំងឺយូរឆ្នាំមកហើយ ដោយចេះតែវង្វេងស្មារតី និយាយម្នាក់ឯង និងផឹកស្រាស្រវឹងជាប្រចាំ ខណៈគាត់ និងកូនៗបានហាមឃាត់ដែរចំពោះរឿងផឹកស្រា ប៉ុន្តែមិនស្ដាប់សោះឡើយ ។
ប្រភពបានបន្ថែមទៀតថា ដោយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ប្ដីគាត់បានផឹកស្រាស្រវឹងជោកដូចសព្វដងមិនឃើញត្រឡប់មកផ្ទះធ្វើឲ្យគាត់ និងកូនៗនាំគ្នាដើររកគ្រប់កន្លែង ប៉ុន្តែរកមិនឃើញសោះឡើយ ។
ស្រាប់តែព្រីកឡើងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្មេងៗ និងអ្នកភូមិក៏បាននាំគ្នាយកឈើទំពក់ទាញសម្រាស់ស្រះខាងកើតផ្ទះចម្ងាយ២០ម៉ែត្រ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈប្រទះឃើញអណ្តែតទឹកស្លាប់មិនដឹងតាំងពីពេលណា ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន