ភ្នំពេញ៖ តារាសម្តែងប្រុសស្រស់សង្ហា លោក លី ឧត្តម បានធ្វើឲ្យមិត្តរួមអាជីពមួយចំនួនអន់ចិត្តខ្លាំងព្រោះតែរៀបចំកម្មវិធីខួបកំណើតហើយមិនអញ្ជើញពួកគេចូលរួម ។ តារាសម្តែងរូបនេះលើកឡើងថា ការមិនមានវត្តមានអ្នកសិល្បៈចូលរួមព្រោះតែរៀបចំលក្ខណៈគ្រួសារ និងដោយសារមួយរយៈចុងក្រោយនេះឃើញអ្នកសិល្បៈជួបរឿងមិនល្អបន្តបន្ទាប់នោះ ។
លី ឧត្តម បានរៀបចំកម្មវិធីខួបកំណើតគម្រប់វ័យ២០ឆ្នាំរបស់លោកកាលពីរាត្រីថ្ងៃទី០៥ ខែ កក្កដានេះ ដោយមានត្រឹមវត្តមានសមាជិកគ្រួសារនិងអ្នកជិតដិតតិចតួចបំផុត ។ តារារូបនេះបញ្ជាក់ថា ចុងក្រោយនេះលោកសង្កេតឃើញអ្នកសិល្បៈរវល់នឹងការងារសង្គម ពិសេសជួបបញ្ហាទុក្ខព្រួយច្រើន ពិសេសករណីមរណភាពរបស់តារាសម្តែង អាលីយ៉ា ទើបលោកគិតថាពួកគាត់កំពុងតែរវល់ និងមានទុក្ខមិនគួរទៅរំខាន និងបង្កើតកម្មវិធីសប្បាយរីករាយស្របពេលគ្នានេះទេ ។ លោកបញ្ជាក់ដែរថា មានអ្នកសិល្បៈស្គាល់គ្នាមួយចំនួនបានអន់ចិត្តនឹងលោកប៉ុន្តែវាគឺជាការរៀបចំរបស់ម្តាយលោក និងជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។ លោកថា ឆ្នាំក្រោយលោកអាចនឹងរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំ និងអញ្ជើញអស់អ្នកសិល្បៈដែលបានស្គាល់ចូលរួមផងដែរ ។
សម្រាប់កម្មវិធីខួបកំណើតនេះវិញតារាសម្តែងកូនកាត់ឥណ្ឌារូបនេះលើកឡើងថាមិនបានទទួលអ្វីធំដុំក្រៅពីការស្រលាញ់ពីក្រុមគ្រួសារ ហើយអ្វីដែលោកចង់បានសម្រាប់ខួបកំណើតគឺឃើញពួកគាត់មានសេចក្តីសុខ សុភមង្គល និងចង់បានការងារសិល្បៈកាន់តែរីកចម្រើន៕ វឌ្ឍនា