ភ្នំពេញ: កម្មករសំណង់ម្នាក់បានធ្លាក់ ពីលើអគារខុនដូ ៩៩៩ស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចការដ្ឋានខុនដូបុរី៩៩៩ តាមបណ្តោយផ្លូវលេខ២៧១ កែង១៨៧ ក្រុម១៦ ភូមិ២ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពបុរសរងគ្រោះឈ្មោះ ម៉េង សារិន ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងការដ្ឋានសំណង់ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី1 ខណ្ឌមានជ័យ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរថយក្រោយ ហើយស្រាប់តែធ្លាក់ចូលក្នុងប្រអប់ជណ្តើរយន្តពីជាន់ទី២១ មកដល់ដីក៏បានស្លាប់ភ្លាមៗនៅកន្លែងតែមង្ត រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច័យផងដែរ ។
បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ សរស្មី