ខេត្តបាត់ដំបង ៖ កាលពីថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៥និង៥០នាទី មានជនជាតិអង់គ្លេសម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ក្រោយពីត្រូវអ្នករត់ម៉ូតូឌុបគំរាមយកទូរស័ព្ទ ១គ្រឿងយកទៅបាត់ ។
ប្រភពពីលោកវរសេនីយ៍ឯក ប៉ាង.ហៀង អធិការនគរបាលក្រុងបាត់ដំបង បាន រាយការណ៍ឲ្យដឹងថា មានជនជាតិអង់គ្លេសម្នាក់ឈ្មោះ MC FADYEN LAURA ភេទស្រី អាយុ២៥ឆ្នាំ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋា ននគរបាលក្រុងបាត់ដំបង តាមសាម៉ីបណ្តឹងបានប្រាប់ថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៣៖០០នាទីទាបភ្លឺ ខ្លួនបានហៅម៉ូតូឌុប នៅមុខសួនសម្តេចក្រឡាហោម ស.ខេង ដើម្បីទៅរកសង្សា ពេលជិះម៉ូតូ ទៅដល់ចំណុចជិតអាស្រម ប៊ុត.សាវង្ស ចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង អ្នករត់ម៉ូតូឌុបបានឈប់ម៉ូតូ ហើយគំរាមយកទូរស័ព្ទ iPhone៨ ចំនួន ១គ្រឿងយកទៅបាត់ ។
ប្រភពថា កម្លាំងការិយាល័យជំនាញ និងកំលាំងអធិការដ្ឋាននគរបាល ក្រុងបាត់ដំបងកំពុងធ្វើការបន្តរកមុខសញ្ញាជនសង្ស័យដើម្បីយកមកផ្តន្ទាទោសឲ្យខាងតែបាន ៕