ព័ត៌មានទាន់ហេតុការណ៍៖

កំហឹងភ្លើងប្រច័ណ្ឌឆេះរូលរាលបេះដូង ប្តី​ចិត្តកោងកាចបិទ​ទ្វារកាប់​​ប្រពន្ធ​ស្ទើរស្លាប់​

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរស្ទើរក្ស័យជីវិត និងត្រូវបានអ្នកជិតខាងជួយដឹកបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បីទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះភ្លាមៗ បន្ទាប់ពីលោកប្តីប្រើអំពើហឹង្សាប្រដាប់ដោយកាំបិតផ្គាក់កាប់ប៉ុនប៉ងប្រហារជីវិត ដោយសារជម្លោះរឿងភ្លើងប្រច័ណ្ឌ ហើយប្តីកំណាចបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួលលេខ៦ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។​

ស្ត្រីរងគ្រោះឈ្មោះត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរហែនសាំ ស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិស្វាយទង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។ ជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ចំក្បាលរយៈដល់លលាដ៏ខួ និងកញ្ចឹងកជាច្រើនកន្លែង ។ ចំណែកប្ដីកំណាច មានឈ្មោះ ហាន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិវាលពន់ ឃុំព្រៃមិច ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ បានរត់គេចខ្លួនបាត់ ។​

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នករស់នៅក្បែរខាងមិនបានចាប់អារម្មណ៍ឡើយ ក្រោយ២នាក់ប្តីប្រពន្ធខាងលើឈ្លោះប្រកែកគ្នាហើយទាញទ្វារបន្ទប់បិទជិត រហូតដល់ប្តីបើកទ្វារចេញហើយគេចខ្លួន ទើបដឹងថានៅក្នុងបន្ទប់ ស្រ្តីជាប្រពន្ធរងរបួសធ្ងន់ធ្ងរ ក្នុងសភាពមិនស្រួល អ្នកក្បែរខាង ជួយយកទៅគ្លីនិកក្បែរនោះ តែគេមិនហ៊ានទទួល ទើបហៅម៉ូតូកង់បីដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ។

ស្រ្តីរងគ្រោះមុននឹងសន្លប់ គ្រាន់តែប្រាប់ថាគាត់ត្រូវបានប្តីកាប់ ដោយសាររឿងជម្លោះភ្លើងប្រច័ណ្ឌ ហើយសន្លប់បាត់ឈឹង ។​

តែបើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ កើតមានទំនាស់នឹងគ្នាយូរមកហើយ ដោយសារ ភាគីខាងប្តីប្រច័ណ្ឌ រករឿងនាងជាប្រពន្ធ ច្រើនលើកច្រើនសារមកហើយ រហូតដល់ ខាងប្រពន្ធសុំលែងលះគ្នាកាលបើ ក្នុងគ្រួសារជួបតែរឿងបែបនេះ នាំគ្នាទៅសាលាសង្កាត់ម្តងរួចហើយ តែខាងប្តីមិនព្រមផ្តិតមេដៃ ទើបអាក់ខានទៅវិញ ស្រាប់តែមកដល់រសៀលថ្ងៃទី០៨ នេះផ្ទុះរឿងសារជាថ្មី ប្តីខ្ទប់បិទទ្វារ កាប់ប៉ុនប៉ងប្រហារជីវិតប្រពន្ធតែម្តង ហើយរត់គេចខ្លួនបាត់ ។​

ករណីខាងលើកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ កម្លាំងជំនាញខណ្ឌ ទៅសាកសួរដល់មន្ទីរពេទ្យ តែមិនទាន់បានសម្រេច ខណៈដែលស្រ្តីរងគ្រោះកំពុងត្រូវបានក្រុមគ្រូពេទ្យ ព្រះកុសុមៈ ជួយសង្រ្គោះអាយុជីវិតឲ្យអស់លទ្ធភាព និងបន្តស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ ៕


ចែករំលែក៖