ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ក្នុងពេលជនរងគ្រោះកំពង់ស្ទូងស្រូវ។ មុនពេលកើតហេតុពួកគេកំពុងនាំគ្នាស្ទូងស្រូវនៅក្នុងស្រែ ខណៈកំពុងមានភ្លៀងធ្លាក់ ក៏ស្រាប់តែមានរន្ទះបាញ់ចំពួកគេតែម្តង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០ នាទី ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអន្លង់កៅឳ ក្នុងភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ សេងស្រីរ័ត្ត ភេទស្រី អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សេង ផានិត ភេទប្រុស អាយុ១៤ ឆ្នាំត្រូវជាប្អូនបង្កើតរងរបួសធ្ងន់ អ្នកទាំង២ រស់នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដោយឡែកសាកសពជនរងគ្រោះត្រូវក្រុមគ្រួសារនាំយកទៅកាន់លំនៅឋាន ដើម្បីធ្វើបុណ្យទៀនតាមប្រពៃណី ៕ ចន្ថា