ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូម្ខាងទៀតស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ធ្ងរ ម្នាក់សន្លប់ស្ដូកស្ដឹង នឹងកន្លែង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាពេញទំហឹង លាន់សូដូចរន្ទះបង្កការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩លើផ្លូវជាតិ លេខ១ចន្លោះគីឡូម៉ែត្រលេខ១៦៥-១៦៦ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា អ្នកបើកបរបង្កហេតុ ដែលស្លាប់មានឈ្មោះលឹម ម៉ាលីន អាយុ២៨ឆ្នាំមុខរបរកម្មករដឹកបន្លែដាក់កាសុីណូម៉ុកបាយមាន ទីលំនៅខេត្តតាកែវ ដោយជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ វៀតណាម 68D1 44594ខូចខាតយ៉ាងដំណំ ។ ចំណែកភាគីរងគ្រោះមានចាន់ បញ្ញា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅ សង្កាត់ផ្សាចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ពីកើតមកលិចប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំស្រាប់តែទៅបុក និងម៉ូតួមួយគ្រឿងម៉ាកឆាលីពណ៌សគ្មានស្លាកលេខទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង ។

ជនរងគ្រោះត្រូវដឹកយកទៅព្យាលបាលនៅភ្នំពេញ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំណែកឯវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការិយាល័យនគរបាលជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖