ភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលដែលមានប្រវែងជាង២ម៉ែត្រ និងទម្ងន់ជាង៣០គីឡូក្រោម បានលូនចេញពីគុម្ពស្មៅមកសង្ងំដេកនៅក្រោមគំនរសំរាមខាងក្រោយផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាចោមរោមមើលទាំងយប់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះល្វែងមួយ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនកើតហេតុគេឃើញពស់ថ្លាន់ធំល្មមមួយក្បាល បានលូនចេញពីគុម្ពោតព្រៃនៅក្បែរនោះមកសង្ងំដេកនៅក្រោមប៉ាវសំរាមកន្លែងកើតហេតុខាងលើ ហើយក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញរួចនាំគ្នាចោមរោមមើលបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ប្រភពដដែលបន្តទៀតថា ក្រោយមកប្រជាពលរដ្ឋក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ព្រោះខ្លាចមានជនខិលខូចមានគំនិតមិនល្អលើពស់ថ្លាន់នោះ បន្ទាប់ពីបានរាយការណ៍រួចអស់រយៈពេលជិត២ម៉ោង គឺមិនឃើញមានអាជ្ញាធរពាក់ព័ន្ធណាមួយមកយកពស់ថ្លាន់ទៅថែរក្សាទុកសោះ គឺឃើញតែលោកចៅសង្កាត់ក្រាំងធ្នង់ម្នាក់បើករថយន្តមកកន្លែងកើតហេតុ ហើយក៏បើកត្រឡប់ទៅវិញ ដោយបន្សល់ទុកតែលេខទូរស័ព្ទរបស់មន្ត្រីអភិរក្សសត្វព្រៃមកឲ្យប្រជាពលរដ្ឋទំនាក់ទំនង់ទៅតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុដោយមិនឃើញមានអាជ្ញាធរពាក់ព័ន្ធរូបណាមកទទួលយកសត្វពស់ថ្លាន់ទៅរក្សាទុក ប្រជាពលរដ្ឋក៏បានដេញពស់ថ្លាន់នោះឱ្យចូលទៅក្នុងគុម្ពោតស្មៅដែលនៅក្បែរនោះវាទៅវិញបាត់ ៕ស តារា