ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម៖ ស្រុកអន្លង់វែងនឹងគ្មានការអភិវឌ្ឍឡើយ បើសម្តេចតេជោ ហ៊ុន សែន មិនយកជីវិតទៅប្តូរដើម្បីបញ្ចប់សង្គ្រាម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតលោក គន់ គីម បេក្ខជនតំណាងរាស្ត្រក្នុងខេត្តឧត្តរមានជ័យ បានបន្តចុះស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាដែនជម្រកចុងក្រោយរបស់ទាហានខ្មែរក្រហម បន្ទាប់ពីកងកម្លាំងតស៊ូដឹកនាំដោយគណបក្សប្រជាជនកម្ពុជាវាយផ្តួលរំលំរបបមួយនេះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ សង្រ្គាមវាយដណ្តើមទឹកដីនៅតំបន់នោះរវាងកងទ័ពរបស់រដ្ឋាភិបាល និងកងទ័ពរបស់ខ្មែរក្រហមដែលសេសសល់នាតំ​បន់នេះ បានកើតឡើងជារឿយៗ ដែលនាំឲ្យការរស់នៅរបស់ប្រជាពលរដ្ឋ​ និងកងទ័ពរបស់ខ្មែរក្រហមសេសសល់នោះជួបការលំបាកជាខ្លាំង។

ស្រុកអន្លង់វែង គឺជាតំបន់ចុងក្រោយគេដែលកងទ័ពខ្មែរក្រហមបានព្រមចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានយោបយបង្រួបបង្រួមជាតិនៅចុងឆ្នាំ១៩៩៨។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រថុយយកជីវិតដើរចូលជំរំរបស់ទាហានខ្មែរក្រហមធ្វើការចរចាដោយផ្ទាល់។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋនាព្រឹកថ្ងៃនេះ បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា លោក គន់ គីម បានលើកឡើងថា បើគ្មានការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កាលពី ២០ឆ្នាំមុនទេ ស្រុកអន្លង់វែង នឹងមិនអាចទទួលសុខសន្តិភាព ស្រុកអន្លង់វែងមិនអាចទទួលបានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន អ្នកស្រុកអន្លង់វែង ក៏មិនមានជីវភាពដូចពេលបច្ចុប្បន្ននោះដែរ។

លោក គន់ គីម បានថ្លែងបញ្ជាក់ដូច្នេះ «សមិទ្ធផលដែលបានមកទាំងនេះ គឺបានមកដោយសម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ​ហើយយុទ្ធជនគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់បានលះបង់អាយុជីវិត។ យើងទាំងអស់គ្នាត្រូវការពារថែរក្សាសមិទ្ធផល និងសន្តិភាពទាំងនេះ ឲ្យបានជាដាច់ខាត មិនឲ្យនរណាមកបំផ្លិចបំផ្លាញដាច់ខាត ហើយមិនឲ្យកម្ពុជាមានសង្រ្គាម វិនាសកម្មដូចអតីតកាលឡើយ»។

លោក គន់ គីម បានលើកបង្ហាញប្រជាពលរដ្ឋស្រុកអន្លង់វែងទៀតថា កម្ពុជាពីមុនជាប្រទេសក្រីក្រ និងអសន្តិសុខស្បៀង តែឥឡូវបានក្លាយជាប្រទេសមានស្បៀងបរិភោគគ្រប់គ្រាន់ និងនាំចេញអង្ករទៅលក់នៅក្រៅប្រទេស ជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយភាពក្រីក្រមកនៅកម្រិតទាបបំផុត និងចាកចេញពីប្រទេសដែលមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

បេក្ខជនតំណាងរាស្ត្រ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានរំលឹកប្រជាពលរដ្ឋថា ការគូសសន្លឹកឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ជោគវាសនាប្រទេសជាតិ និងប្រជាជនកម្ពុជា។ លោក បានលើកឡើងថា បើប្រជាពលរដ្ឋជាម្ចាស់ឆ្នោតសម្រេចចិត្តត្រូវជាតិបន្តរីកចម្រើន ជីវភាពកាន់តែប្រសើរ។

«ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋចំពោះការបោះឆ្នោតលើកនេះ គឺជាការសម្រេចចិត្តដើម្បីជ្រើសរើសមេដឹកនាំប្រទេស បើសម្រេចចិត្តត្រូវ យើងនឹងទទួលបានការរីកចម្រើនបន្តទៀត ប៉ុន្តែបើសម្រេចចិត្តខុស នឹងនាំប្រទេសឲ្យវិលត្រឡប់ថយក្រោយ។ កុំព្រោះតែខឹងគោមកវាយរទេះ»។ លោក គន់ គីម បញ្ជាក់។

​លោក គន់ គីម អំពាវនាវប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដោយលោកបានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលមានបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ ជាពិសេសរក្សាឲ្យបាននូវសុខសន្តិភាព ដែលជាកូនសោដ៏សំខាន់សម្រាប់វឌ្ឍនភាពជាតិ៕ ហេង សូរិយា


ចែករំលែក៖