ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនមុខសញ្ញាថ្នាំញៀន២នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាមុខសញ្ញាចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនរួមទាំងវត្ថុតាង និងសម្ភារផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៤៧នាទីយប់ ថ្ងៃអង្គារ ១៣រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅលើកណណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិលាវ សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជនសង្ស័យដែលសមត្តកិច្ចអះអាងជាមុខសញ្ញាត្រូវបានឃាត់ខ្លួនទី១ ឈ្មោះ សុខ វិឆ័យ ភេទប្រុស ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងទី២ ឈ្មោះ ពិន ផាន់ណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពបន្តទៀតថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ ដែកកេះចំនួន ០៣ ការបូបតូចចំនួន ០១ និងទូរស័ព្ទដៃចំនួន ០៣គ្រឿងផងដែរ ហើយចំពោះជនសង្ស័យជាមុខសញ្ញាទាំង ២នាក់រួមទាំងវត្ថុតាង និងសម្ភារ បាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖