ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថា ពេលនេះខុទ្ទកាល័យរបស់គណបក្សប្រជាជនកម្ពុជាបានស្នើឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប.)ស្រាវជ្រាវម្ចាស់រថយន្តដែលពាក់ស្លាក់លេខនគរបាល (ន.ប) និងស្លាកលេខខេមរភូមិន្ទ (ខ.ម) មកអប់រំ និងពិន័យក្រោយពីពួកគេបាន យករថយន្តដែលហាមឃាត់ទាំងនេះបិទឡូហ្គោគណបក្សប្រជាជននោះ ។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ គឺបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានបុគ្គលមួយចំនួនតូចបានយករថយន្តស្លាក់លេខនគរបាល និងខេមរភូមិន្ទបំពាក់ឡូហ្គោគណបក្សប្រជាជនកម្ពុជាទៅដង្ហែក្បួនឃោសនា ហើយមានការរិះគន់ជា ច្រើនតាមសង្គមនានានោះ ។
ថ្លែងតាមរយៈសារអេឡិចត្រូនិកតេឡេក្រាមកាលពីថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ លោក សុខ ឥសាន បានលើកឡើងថា «នៅក្នុងយុទ្ធនា ការឃោសនាបោះឆ្នោតច្បាប់ស្តីពីការបោះឆ្នោត និងក្រមសីលធម៌គោលការណ៍និង នីតិវិធីរបស់ គ.ជ.ប. បានហាមប្រើប្រាស់ សម្ភារ និងមធ្យោបាយរបស់រដ្ឋ។ ប្រមុខ គណបក្សប្រជាជនកម្ពុជាក៏បានណែនាំ និង រំលឹកដាស់តឿនដល់ថ្នាក់ក្រោមទាំងអស់ឲ្យគោរព និងអនុវត្តឲ្យបានត្រឹមត្រូវមិន កាន់ជើងអ្នកប្រព្រឹត្តខុសច្បាប់ទេ» ។
លោក សុខ ឥសាន បានបន្តថា «ករណី នេះខុទ្ទកាល័យ គណបក្សបានទាក់ទងទៅ គ.ជ.ប. និងក្រសួងពាក់ព័ន្ធរួចហើយដើម្បីពិនិត្យស្រាវជ្រាវរកអ្នកប្រព្រឹត្តល្មើសច្បាប់នេះមកណែនាំ និងពិន័យតាមគោលការណ៍ច្បាប់កុំឲ្យដោយសារតែបុគ្គលម្នាក់ពីរនាក់នាំឲ្យខូចឈ្មោះគណបក្សប្រជាជនកម្ពុជាទាំងមូលមិនបានទេ» ។
យ៉ាងណាក៏ដោយលោក សុខ ឥសាន ក៏បានទទួចជាថ្មីម្តងទៀតសូមឲ្យគ្រប់ សមាជិកសមាជិកាគណបក្សទាំងអស់កុំធ្វើអ្វីខុសច្បាប់ឲ្យសោះ។ ក្នុងករណីមានការប្រព្រឹត្តខុសច្បាប់នោះមិនអាចថា ជា ការខុសដោយអចេតនាទេជាចេតនាតែ ម្តងមិនអាចដោះសារយករួចខ្លួនបានទេហើយសូមអស់លោកកុំប្រព្រឹត្តអ្វីនាំឲ្យខូចឈ្មោះគណបក្សប្រជាជនកម្ពុជាឲ្យសោះ។
ក្នុងរឿងនេះដែរលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានរិះគន់អ្នកយក រថយន្ដពាក់ស្លាកលេខរដ្ឋ ខ.ម និង ន.ប ហែបក្ស ខណៈដែលមុនថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជាបានអំពាវនាវឲ្យគ្រប់បណ្តាស្ថាប័ន រដ្ឋ និងមន្ត្រីរាជការដែលធ្វើការនៅស្ថានប័នរដ្ឋ ឬអ្នកឈរជាតំណាងរាស្ត្រ ឬអ្នកដែល ចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេង ឆ្នោតទាំងអស់មិនត្រូវប្រើប្រាស់ទ្រព្យ សម្បត្តិរដ្ឋ ថវិការដ្ឋ មធ្យោបាយរដ្ឋ…ដើម្បី យកទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះឡើយ ។
ក្នុងហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បាន សរសេរថា «មនុស្សល្ងង់ខ្លៅ នាំគេប្រមាថ ដល់បក្ស» ។
ទាក់ទិននឹងបញ្ហានេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានថ្លែងឱ្យដឹងកាលពីព្រឹកថ្ងៃ ពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៨ថា បន្ទាប់ពីមានការរិះគន់ ទៅលើអ្នកប្រើប្រាស់រថយន្តរដ្ឋដើម្បីបម្រើការឃោសនាឱ្យគណបក្សនោះរហូតមក ដល់ពេលនេះ គ.ជ.ប មិនទាន់បានទទួល ពាក្យបណ្តឹងពីភាគីណាមួយនៅឡើយទេ។ លោកអះអាងថា ប្រសិនបើមានពាក្យ បណ្តឹងអំពីករណីនេះ គ.ជ.ប. នឹងដោះ ស្រាយតែម្តង ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាង ដូច្នេះថា «ទី១-គ.ជ.ប.មិនអត់ទាន់មាន ទទួលពាក្យបណ្តឹង, ទី២-ខ្ញុំចង់ជម្រាបពីទិដ្ឋ ភាពផ្លូវច្បាប់នៅក្នុងប្រការ១០នៃនីតិវិធីនៃការបោះឆ្នោតចែងថាជនណាក៏ដោយក៏ មានសិទ្ធិប្តឹងដែរ ប្រសិនបើមានបណ្តឹង គ.ជ.ប.នឹងចាត់ការ ហើយគ.ជ.ប.អត់មាន តួនាទីដូចព្រះរាជអាជ្ញាទេមានន័យថា ទោះ បីអត់មានអ្នកប្តឹងក៏គាត់អាចប្តឹងបានដែរ ប៉ុន្តែគ.ជ.ប.អត់ធ្វើការងារនេះទេ» ។
លោក ហង្ស ពុទ្ធា បានបន្តថា ការរិះ គន់លើអ្នកប្រើប្រាស់រថយន្តរដ្ឋសម្រាប់ បម្រើការឃោសនាបោះឆ្នោតនោះវាគ្មាន ន័យទេប្រសិនជាគ្មានពាក្យបណ្ដឹងដល់ដៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយ គ.ជ.ប.រង់ចាំតែអនុវត្តច្បាប់លើអ្នក ប្រព្រឹត្តខុសប៉ុណ្ណោះ។ ក្នុងន័យនេះលោក ហង្ស ពុទ្ធា ចង់បញ្ជាក់ថា ការសម្រេចដាក់ ពិន័យរបស់គ.ជ.ប ទៅលើអ្នកប្រព្រឹត្តផ្ទុយពីបម្រាមច្បាប់បាន លុះត្រាតែមានការ ដាក់ពាក្យប្ដឹងមក គ.ជ.ប. ។
អ្នកនាំពាក្យ គ.ជ.ប.រូបនេះ បានបញ្ជាក់ ថា បើមានអ្នកដាក់ពាក្យប្ដឹងគ.ជ.ប.នឹង ចាត់ការលើករណីនេះតាមមាត្រាច្បាប់១៥៨ ស្តីពីច្បាប់បោះឆ្នោតដោយហៅមកដាក់ ពិន័យជាលាយលក្ខណ៍អក្សរ ហើយបើនៅ តែប្រព្រឹត្តខុសដដែល គ.ជ.ប.នឹងផាក ពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ១០លានរៀល ។
ទទ្ទឹមនេះលោក ហង្ស ពុទ្ធា ក៏អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់ណែនាំ ទៅមន្ត្រី សមាជិក និងអ្នកគាំទ្រគណបក្ស អនុវត្តតាមច្បាប់ និងបម្រាមរបស់គ.ជ.ប. ឱ្យបានត្រឹមត្រូវដើម្បីធ្វើយ៉ាងណាឱ្យដំណើរ ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយល្អ តាមគោលការណ៍សេរី និងយុត្តិធម៌ ។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តតាមមាត្រា១៥៨ ត្រូវព្រមានជាលាយលក្ខណ៍អក្សរដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រើប្រាស់សម្ភារ មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋដើម្បីធ្វើសកម្មភាពឃោសនាឲ្យគណ បក្សនយោបាយណាមួយ ឬបេក្ខជនណា មួយ។ ក្នុងករណីដែលនៅតែមិនគោរព តាមការព្រមានខាងលើត្រូវផាកពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕ហេង សូរិយា