ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារក្រុមគ្រួសារប្តឹងថា បានបង្កការអុកឡុកក្នុងក្រុមគ្រួសារ ។ ការឃាត់ខ្លួនរបស់សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោងរំលងអធ្រាត្រ
ឈានចូលថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
នគរបាល ក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក វិបុល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចដកហូតម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យសារធាតុមេតំហ្វេតាមីនអាយ ចំនួន ០៣កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់គ្រឿងញៀន មួយចំនួន និងមានកាំបិត៤ផងដែរ ។
នៅម៉ោងកើតហេតុ ជនសង្ស័យនេះអុកឡុកក្រុមគ្រួសារបង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងផង ក៏ចុះដល់ឃាត់ខ្លួនមកសាកសួរប៉ុស្ត៍រដ្ឋបាល ហើយឆែកឆេររកឃើញវត្ថុតាង ។
បច្ចប្បន្នជននេះត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីបន្តសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន