ភ្នំពេញ៖ យុវតីម្នាក់ បានរងរបួសសន្លប់ស្ដូកស្តឹងត្រូវបានមិត្តភ័ក្តិដឹកតាមម៉ូតូរឺុម៉ក ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណៈដែលយុវតីរងគ្រោះជិះម៉ូតូមួយគ្រឿងចេញពីប្រឡងគោលបំណងត្រលប់ទៅផ្ទះវិញដល់ពាក់កណ្តាលផ្លូវ ត្រូវម៉ូតូរ៉ឺម៉កមួយគ្រឿងបើកបរក្នុងល្បឿនលឿជ្រុលទៅបុកពីក្រោយទាំងកំរោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះស្លៀកឯកសណ្ឋានសិស្សបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1P8997 ចេញពីប្រឡងវិញក្នុងទិសដៅពីលិចទៅកើត ខណ:នោះក៏មានម៉ូតូរ៉ឺម៉កមួយគ្រឿងពុំចាំស្លាកលេខ បើកបរក្នុងល្បឿងយ៉ាងលឿន ជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងតែម្តង។ ភ្លាមនោះអ្នកបើកម៉ូតូរ៉ឺម៉ក ឃើញសភាពការមិនស្រួលក៏ព្យាយាមបើកគេចខ្លួនបាត់ស្រមោល ។
ចំណែកយុវតីរងគ្រោះ ត្រូវបានមិត្តភក្តិនិងប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយធ្វើចរនាហើយដឹកបញ្ជូនតាមម៉ូតូរ៉ឺម៉កទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន នៅក្បែរកន្លែងកើតហេតុផងដែរ ៕ស តារា